ភ្នំពេញៈ កាលវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្លឹបហាត់ប្រាណ ដឺផ្លេស ទីតាំងលេខ១ តាមផ្លូវ៥១ ក្រុម៤៥ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រ្តីម្នាក់ដោយតែគិតខ្លីមួយពេល គ្មានលុយកូនឈឺមានជំងឺគ្រុនឈាម ដេកនៅពេទ្យក៏សម្រេចចិត្តលួចលុយរបស់ភ្ញៀវចំនួនសរុប ១,១៦០ដុល្លារ ចុងក្រោយម្ចាស់តាមទាន់យកលុយដាក់ចូលក្នុងបង្គន់ហូរចូលលូអស់ ។
ជនសង្ស័យឈ្មោះ សម ផល្លី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរបោសសម្អាត ស្នាក់នៅភូមិមុខខេត្ត សង្កាត់ចំការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពីបទលួចលុយរបស់ភ្ញៀវ។
ជនរងគ្រោះមានឈ្មោះ កុល សុខន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន តំណាងឲ្យ(ក្លឹបដឺផ្លេស) ស្នាក់នៅផ្ទះលេខ ០១Eo ស្នាក់នៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ដំណើររឿង៖ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឆ្លើយថា គាត់ពិតជាបានលួច និងទទួលកំហុសដែលខ្លួនបានធ្វើ រួចនិយាយបន្ថែមទៀតថា ធ្លាប់លួចលុយចំនួន ៦លើក ករណីភ្ញៀវមកក្លឹបដើម្បីហាត់ប្រាណ ហើយយកសម្ភារៈឫទ្រព្យសម្បត្តិទៅទុកក្នុងទូរក្លឹប លើកចុងក្រោយ ខណៈពេលដែលខ្លួនបោសសម្អាតក៏ឆ្លៀយឱកាសលួចដូចសព្វដង តែថ្ងៃនេះជាថ្ងៃស៊យ ភ្ញៀវបាត់លុយផ្អើលឆោឡោ ឃើញដូចនោះភ័យស្លន់ស្លោពេកក៏រត់ ចូលបន្ទប់ទឹកដកលុយដាក់ក្នុងចានបង្គន់ចាក់ទឹក ដើម្បីឲ្យហូរចូលលូបំបាត់ភស្ភុតាង ចុងក្រោយគេចមិនផុតការឆែកកាំមេរ៉ា ក៏ត្រូវគេប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
ក្រោយមកសមត្ថកិ្ចចកសាងសំណុំរឿងបញ្ជូល ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់