ព័ត៌មានជាតិ

រថយន្តហាយទ្បែនឌ័រ ឆ្លងផ្លូវត្រូវម៉ូតូបុក ស្លាប់ និងរបួសមនុស្ស ២នាក់

កណ្ដាល: នៅវេលាម៉ោង ៧ និង៥០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែតលេខ១៩-២០ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ និងម៉ូតូបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងនារីម្នាក់ទទួលរងរបួសធ្ងន់ ។

ជនរងគ្រោះឈ្មោះ បៀន វូត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់) និងអ្នករួមដំណើរម្នាក់ ឈ្មោះ ស្រន ស្រីល័ក ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិបឹងបញ្ចូល ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (រងរបួសធ្ងន់)។

ដំណើររឿង៖ នៅមុនពេលកើតហេតុ រថយន្ដម៉ាកហាយទ្បែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AC-2027 (អ្នកបើករត់គេចបាត់) ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៦ មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1S-1139 បើកបរយ៉ាងលឿនពីត្បូងទៅជើង ឈប់មិនទាន់ បានបុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូស្លាប់ និងនារីម្នាក់ជាអ្នករួមដំណើរ របួសធ្ងន់ ។

ភ្លាមៗផងដែរ អ្នករងរបួស ត្រូវបានរថយន្ដសាមុយ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ករណីនេះ មូលហេតុ បណ្ដាលមកពីរថយន្តបត់ឆ្វេងឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន និងម៉ូតូបើកលឿន។

ក្រោយកើតហេតុវត្ថុតាង រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ច ចុះវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ចំណែកសព ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់