ព័ត៌មានជាតិ

ជនសង្ស័យ២នាក់លួចម៉ូតូបាន២ថ្ងៃត្រូវសមត្ថកិច្ចវាយខ្នោះ

ប៉ៃលិន: កាលពីវេលាម៉ោង ១១និង២៥នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីចោរលួចម៉ូតូមួយកើតឡើង នៅចំណុចសណ្ឋាគារ ១២ជាន់ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ម្ចាស់ម៉ូតូឈ្មោះ មិន រ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Click ពណ៌ស ស៊េរីឆ្នាំ២០១៩ លេខតួ៨០៤៥៧៤០ លេខម៉ាស៊ីន ៨០៤៥៧៤០ គ្មានស្លាកលេខ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូទៅធ្វើការហើយបានចាក់សោកម៉ូតូទុកនៅក្រោមមុខកន្លែងធ្វើការ រួចចូលទៅធ្វើការជាធម្មតា លុះពេលចេញមកវិញស្រាប់តែបាត់ម៉ូតូមិនឃើញ។ ក្រោយពីបានទទួលទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះស៊ើបអង្កេត និងកំណត់មុខសញ្ញាឃើញថា ជនសង្ស័យក្រោយពីបានធ្វើសកម្មភាពរួច បានយកម៉ូតូជនរងគ្រោះ ទៅខាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗ នោះលោកអធិការស្រុកសាលាក្រៅ បាន រាយការណ៍សុំគោលការណ៍ពីស្នងការ និងបានរាយការជូនលោកព្រះរាជអាជ្ញា តូច សុភក្ដី ដើម្បីសុំការអនុញ្ញាតិពន្លាតដែនសមត្ថកិច្ចមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ លុះដល់មកវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖
១-ឈ្មោះ ទូច ផាត ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ហៀប ឆវ័ន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពានទី២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
និងដកហូតម៉ូតូម៉ាក Zommer X ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-7799 (ជាមធ្យោបាយរបស់ជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើស) រីឯម៉ូតូជនរងគ្រោះ ម៉ាក HONDA Click កម្លាំងជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់