ភ្នំពេញៈ អ្នកដំណើរជាច្រើន នាក់ បានរបួស ខណៈជិះម៉ូតូឆ្លងកាត់ស្ពានបេឡេ ហើយ រអិលដួលជាបន្តបន្ទាប់ ដោយសារប្រេងម៉ាស៊ីន ដែលបានកំពប់ធ្លាក់ជាប់នៅលើស្ពាន។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១០និង ២០នាទីព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅលើស្ពានបេឡេ ផ្នែកខាងកើត ក្នុងភូមិ ដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ម៉ូតូប្រមាណជិត ១០គ្រឿង បានរអិលប្រេងដួល ជាបន្តបន្ទាប់ ធ្វើឲ្យអ្នកដំណើររងរបួសរលាត់ដៃជើង ។
ប្រភពដដែលបន្តថា នៅព្រឹកមិញ គេឃើញប្រេងម៉ាស៊ីន កំពប់នៅលើស្ពានផ្នែកខាងកើត ហើយមានអ្នកដំណើរ បើកឡើងស្ពានពីកើតទៅលិច ក៏បានរអិលដួលជាបន្តបន្ទាប់ ។ ដោយឃើញ ដូចនេះ អ្នកដំណើរខ្លះ រួមជាមួយ បុគ្គលិកក្រុមហ៊ុន OC I ក៏បានឈរចាំ ស្រែប្រាប់អ្នកដំណើរ ឲ្យបើកវាងនិងបង្អង់ល្បឿនជៀសវាងគ្រោះថ្នាក់។
ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យ របស់ទីក្រុងរណបជ្រោយចង្វារមួយគ្រឿង បានទៅបាញ់ទឹកលាងផ្លូ នោះផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកដំណើរ ៕
មតិយោបល់