ព័ត៌មានជាតិ

ចេញពីហូបអីរួចជូនមិត្តភក្តិទៅផ្ទះ ត្រូវក្រុមចោរស្ទាក់ប្លន់យកម៉ូតូ បានសម្រេចនៅខណ្ឌសែនសុខ តែ…

ភ្នំពេញៈ ចេញមកពីហូបអី ជិះម៉ូតូជូនមិត្តភក្តិត្រឡប់ទៅផ្ទះវិញ ក៏ត្រូវបានក្រុមចោរធ្វើសកម្មភាពវាយប្លន់យកម៉ូតូ បានសម្រេចតែក៏ត្រូវការប្រជាពលរដ្ឋ ជួយជិះដេញតាមយកម៉ូតូបានមកវិញ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរខារ៉ាអូខេអ៊ិមផើរៀល ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជាបុគ្គលិកក្រុមឯកជន ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HI-1902 ទើបតែចេញមកពីហូបអី នៅក្បែរស្ពានអាកាសផ្សារដីហុយ ហើយបំណងជិះជូនមិត្តភក្តិម្នាក់ទៀត ដែលជិះម៉ូតូមួយគ្រឿងផ្សេងត្រឡប់ទៅផ្ទះវិញ នៅម្ដុំត្រឡោកបែក។

ដោយពួកគេទាំងពីរនាក់ បានជិះម៉ូតូបណ្តើរគ្នា តាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ មិត្តភក្កិរបស់ជនរងគ្រោះ ក៏បានជិះវ៉ាជនរងគ្រោះផុតទៅមុខ ខណៈនោះក៏ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុម ជិះម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានមួយគ្រឿងម៉ាកអ៊ិចសាយទ័រ ពណ៌ស គ្មានស្លាកលេខ និងពីរគ្រឿងទៀតមិនចាំម៉ាក បានជិះមកតាមពីក្រោយ រួចធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះ បណ្ដាលឱ្យដួល ភ្លាមនោះជនរងគ្រោះភ័យស្លន់ស្លោ បានដកសោម៉ូតូចេញពីម៉ូតូរួចក៏រត់យករួចខ្លួន ចូលទៅក្នុងផ្ទះជាពលរដ្ឋ ដែលនៅក្បែរនោះ។

ខណៈដែលឃើញឱកាសល្អក្រុមជនសង្ស័យទាំងនោះ ក៏បានធ្វើសកម្មភាពលើកម៉ូតូជនរងគ្រោះ ជិះសណ្តោងគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ តែដោយពេលនោះ ក៏មានបុរស២នាក់ ដែលធ្វើដំណើរតាមដងផ្លូវ បានឃើញហេតុការណ៍ ក៏បានបើករថយន្ដម៉ាកលុចស៊ីសRX300មួយគ្រឿង ដេញតាមពីក្រោយក្រុមជនសង្ស័យ។ រហូតទៅដល់ចំណុចក្បែរបុរីប៉េងហួត ស្ថិតតាមបណ្ដោយផ្លូវ៥៩៨កែង និងផ្លូវ១៩៦៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូរបស់ជនរងគ្រោះចោល រួចទ្បើងជិះម៉ូតូរបស់បក្ខពួកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយមកក៏មានប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ។ ប៉ុន្តែដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ ជនរងគ្រោះក៏លើម៉ូតូរបស់ខ្លួន ជិះត្រលប់ទៅផ្ទះវិញ ដោយមិនរំខានដល់សមត្ថកិច្ចនោះទេ៕

មតិយោបល់