ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានជម្លោះជាមួយជនសង្ស័យចំនួន៤នាក់ ត្រូវមួយដុំថ្ម ហើយកាប់ជាច្រើនកាំបិត និងផ្ទុះអាវុធចំនួនបីគ្រាប់ បង្កការភ្ញាក់ផ្អើល
ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងលិចចម្ងាយប្រហែល១០០ម៉ែត្រ ពីរង្វង់មូលនាងគ្រុត នៅក្នុងទីក្រុងរណប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ហៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករកាប់គោ ស្នាក់នៅកន្លែងកាប់គោ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិតានួងក្រៅ ឃុំតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជនសង្ស័យម្នាក់ដែលជនរងគ្រោះស្គាល់ឈ្មោះ ដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ធ្លាប់រស់នៅជាក្មេងមណ្ឌលកៀនឃ្លាំង។
តាមសម្តីបងប្អូនជីដូនមួយរបស់ជនរងគ្រោះឈ្មោះ សេន បានរៀបរាប់ថា ដំបូងឡើយពួកគាត់ជាច្រើននាក់ បាននាំគ្នាមកផឹកស៊ីស្រាក្រឡុកនៅកន្លែងកើតហេតុ មួយសន្ទុះធំក៏ឃើញជនសង្ស័យម្នាក់ ជិះម៉ូតូធំ មិនចាំម៉ាក មកដល់កន្លែងកើតហេតុ ក៏រោម៉ូតូង៉ោងៗ ជិះទៅជិះមក ខណៈពេលនោះជនរងគ្រោះ ក៏ស្រែកសួរថារោម៉ូតូធ្វើអី តែជនសង្ស័យមិនឆ្លើយតបទេ ក៏ជិះម៉ូតូចេញទៅបាត់។
មួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យមកវិញ ដោយមានម៉ូតូចំនួន៣គ្រឿង ម៉ូតូធំ១ ម៉ូតPCX១ និងម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក មិនចាំស្លាកលេខ បានមកដល់កន្លែងកើតហេតុ បានចុះដេញគប់ដុំថ្មទៅលើ ជនរងគ្រោះ បណ្ដាលឲ្យដួល ហើយក៏កាប់ជាច្រើនកាំបិត ព្រមទាំងផ្ទុះអាវុធចំនួន៣គ្រាប់ បំណងសម្លាប់ចោល។
ចំណែកគ្នីគ្នាជនរងគ្រោះ បានរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ រីឯជនរងគ្រោះដេកដួលរងរបួសធ្ងន់។ក្រោយពីផ្ទុះអាវុធរួចមក ជនសង្ស័យទាំងអស់ ក៏បានជិះម៉ូតូគេចខ្លួនរត់បាត់ស្រមោល។ ពេលនោះគ្នីគ្នា
ជនរងគ្រោះ ក៏ត្រឡប់មកវិញ បានលើកជនរងគ្រោះដាក់លើ ម៉ូតូដឹកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្រ្គោះអាយុជីវិត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហតុ បានយកសំបកគ្រាប់ និងសួរនាំទៅគ្នីគ្នាជនរងគ្រោះ ហើយឲ្យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីដាក់ ពាក្យបណ្តឹង និងកំណត់មុខសញ្ញា ដើម្បីតាមចាប់ក្រុមជនសង្ស័យ យកមកដាក់ទោសទាន់តាមផ្លូវច្បាប់៕
មតិយោបល់