ភ្នំពេញៈ នារីរូបស្រស់ស្រវឹង បើករថយន្តលុចស៊ីសមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយម៉ូតូមួយគ្រឿង ទាំងកំរោល ហើយព្យាយាមបើករត់គេចខ្លួន ក៏ជ្រុលទៅបុករបងដីឡូត៍មួយកន្លែងទៀត បណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចច្រក ចូលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបរម៉ូតូ ១គ្រឿង ម៉ាកឌូក ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR-7070 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវវ៉េងស្រេង។
មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក ១គ្រឿង ម៉ាកលុខស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2R-9507 បើកបរដោយស្ត្រីម្នាក់ ក្នុងសភាពស្រវឹងជោកជាំមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកនិងម៉ូតូខាងលើចំពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូរងការខូចខាត បាក់កាំកង់ខាងក្រោយ ឯអ្នកបើកបរបានរងរបួសស្រាល។
ដោយទ្បែករថយន្តបង្ក បានរងការខូចខាតក្រពឹតផ្នែកខាងមុខ។ ភ្លាមៗនោះក៏មានប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានជួយនាំគ្នាចេញមកមើល ប៉ុន្តែស្ត្រីដែលជាអ្នកបើកបរ មិនព្រមចុះលើរថយន្តមកនិយាយដោះស្រាយគ្នា តាមសម្រួលនោះទេ ដោយបានហុចលុយមួយដុំ ដែលមានចំនួន៨ម៉ឺនរៀល មកឲ្យបុរសដែលជាអ្នកបើកម៉ូតូ ទាំងដែលជនរងគ្រោះ មិនទាន់បាននិយាយទាមទារសំណងអ្វីសោះ។ រួចមកស្ត្រីរូបនេះ ក៏បើករថយន្តគេចចេញ ពីកន្លែងកើតហេតុបាត់ទៅ តែក៏ត្រូវប្រជាពលរដ្ឋទាក់ទង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ទើបធ្វើការជិះម៉ូតូដេញតាមពីក្រោយរថយន្តបង្ករហូត។
តែស្ត្រីរូបនោះមិនព្រមឈប់រថយន្តនោះទេ បែរជាបន្ថែមល្បឿន បើកចូលទៅក្នុងដីឡូត៍ទុកចោលមួយកន្លែង ដែលស្ថិតនៅខាងក្រោយវត្តគោកបញ្ជាន់ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន បណ្តាលឲ្យរថយន្តជ្រុលទៅបុកទម្លុះរបងដីឡូត៍បាក់ខូចខាតអស់មួយផ្ទាំង ហើយក៏ត្រូវបានសមត្ថកិច្ច ធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុរថយន្តបង្ក និងម៉ូតូរួមទាំងអ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីរង់ចាំប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញ ធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់