ព័ត៌មានជាតិ

ឆក់ទូរស័ព្ទទាំងព្រលឹមនៅខណ្ឌមានជ័យមិនរំខានដល់សមត្ថកិច្ចឡើយ

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ជាអ្នកដឹកនាំយាយជីតាជី ទៅធ្វើពិធីបុណ្យនៅទីរួមខេត្តតាកែវ គ្រាន់តែដកទូរស័ព្ទ យកមកខលហៅតាយាយមកជួបជុំគ្នាឡើងរថយន្តក្រុងស្រាប់តែលេចមុខជនសង្ស័យ ២នាក់ បានជិះម៉ូតូមួយគ្រឿង ឌុបគេមកធ្វើសកម្មភាព ឆក់ទូរស័ព្ទ បានសម្រេច រួចជិះចេញទៅដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច ចេញជួយអន្តរាគមន៍ឡើយ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ជាប់ច្រកចូលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ លើកំណាត់ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីបុរសវ័យជាង៦០ឆ្នាំរងគ្រោះខាងលើបានឲ្យដឹងថា គាត់ជាអ្នកដឹកនាំតាជីយាយជី ជាង៣០នាក់ទៀត ដើម្បីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ដោយបានម៉ៅរថយន្តក្រុងមួយគ្រឿង សម្រាប់ធ្វើដំណើរទៅវិញទៅវិញផងដែរ លុះព្រឹកព្រលឹមម៉ោងកើតហេតុខាងលើ ខណៈពេលដែលគាត់កំពុងតែដកទូរស័ព្ទ ចុចខលហៅយាយជីតាជីដែលគាត់ដឹកនាំទៅ ឲ្យមកជួបជុំគ្នាឡើងរថយន្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមិនដឹងមកពីណា បានអែបមកពីក្រយគាត់ រួចឆក់ទូរស័ព្ទដៃរបស់គាត់ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល តែម្ដង មិនរំខានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចេញជួយអន្តរាគមន៍ឡើយ។

ទូរស័ព្ទដែលចោរយកទៅបាត់នោះ ម៉ាក Sumsung មិនស្គាល់ម៉ូឌែល ដែលមានតម្លៃជាង៣០០ដុល្លារ ។
បច្ចុប្បន្នជុំវិញហេតុការណ៍នេះ បុរសវ័យចំណាស់រងគ្រោះ ត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះ សួរថា ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងសិនទេ ទើបគាត់ឆ្លើយទាំងទឹកមុខមាំថា មិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ធ្វើអ្វីទៀតទេ នាំតែវែងឆ្ងាយ ទេ ដាច់បុណ្យដាច់ទានអស់ ព្រោះជាប់ដឹកនាំយាយជីតាជីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ដោយមិនបានបញ្ជាក់ថាត្រលប់មកវិញចាំប្ដឹង ឬក៏អត់នោះទេ៕

មតិយោបល់