ភ្នំពេញៈ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ដេញតាមបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនរហូតបង្ខំឲ្យមុខសញ្ញា ផ្ទុះអាវុធចំនួន៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្បែរស្ថានទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
មុសសញ្ញាខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចតាមដាន អស់រយៈពេលប្រមាណមួយសប្ដាហ៍មកហើយ មុនឈានទៅដល់ការបង្ក្រាបជាក់ស្ដែង នៅល្ងាចម្សិលមិញ (ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩) ជាប់របងស្ថានទូតចិន ក្នុងខណ្ឌចំការមន ដោយដកហូតកាំភ្លើង K59 មួយដើម ម៉ូតូមួយគ្រឿង និងថ្នាំញៀន៣កញ្ចប់។
តាមសមត្ថកិច្ចបានឲ្យដឹងថា ពេលដែលបង្ក្រាបនោះជនសង្ស័យបានដកកាំភ្លើងបាញ់២គ្រាប់ មកដល់សមត្ថកិច្ចរបស់លោក ប៉ុន្ដែមិនត្រូវ រួចជននេះបានរត់ទៅភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ រួចបាញ់សំដៅជើងមួយគ្រាប់។ ភ្លាមៗនោះដោយមានការកិច្ចសហការពីអ្នករត់ម៉ូតូឌុប ក៏បានជួយចាប់ជនល្មើសនេះបានជាក់ស្ដែងតែម្ដង។
យោងតាមកាមេរ៉ាសុវត្ថិភាព នៅនឹងកន្លែងកើតហេតុបានបង្ហាញថា ពេលដែលចុះបង្ក្រាបមុខសញ្ញានោះ ជនល្មើសបានបើកម៉ូតូទៅបុកនឹងម៉ូតូរបស់អ្នកដំណើរ រួចហើយដកកាំភ្លើងធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់យកតែរួចខ្លួន។ តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
បច្ចុប្បន្នមុខសញ្ញាចែកចាយគ្រឿងញៀនរូបនេះ ស្ថិតក្រោមការសួរនាំរបស់មន្ទីរ មុនបញ្ជូនទៅកាន់តុលាការ៕
មតិយោបល់