ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្កហិង្សាដោយចេតនា

បន្ទាយមានជ័យៈ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤និង ០០នាទី នៅចំណុចព្រំដែនមាត់អូរ កន្លែងលក់បាយកាហ្វេក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ កុយ ស៊ុន ភេទ ប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ទ្រី វ៉េងឡុង ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងបានបំភ្លឺឲ្យសមត្ថកិច្ចដឹងថា ៖ នៅថ្ងៃកើតហេតុ ខ្លួនកំពុងអង្គុយជាមួយភ្ញៀវដែលមកទំនាក់ទំនងការងារនៅហាងកាហ្វេមួយកន្លែងក្បែរផ្លូវរថភ្លើងនៅច្រកព្រំដែន ស្រាប់តែមានបុរសម្នាក់មិនស្គាល់ឈ្មោះ បានដើរសំដៅមករកខ្លួនហើយយកកែវទឹកវាយមកលើរូបខ្លួន បណ្តាលឲ្យរបួសត្រង់ភ្នែកខាងស្តាំ ម្រាមដៃស្តាំ និងក្បាលផ្នែកខាងស្តាំប៉ោងជាំ ភ្លាមៗនោះអ្នកអង្គុយក្បែរក៏មកជួយឃាត់ ដើម្បីបញ្ឈប់សកម្មភាព ហើយខ្លួនក៏បានមកដាក់ពាក្យបណ្តឹងតែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះដោយវាយជាច្រើនកែវពិតប្រាកដមែន ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង យោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

 

មតិយោបល់