ព័ត៌មានជាតិ

រថយន្តធុនធំបើកទាក់ទាញខ្សែភ្លើង បាក់រលំបង្គោល៣ដើមកាត់ទទឹងផ្លូវ

ភ្នំពេញៈ បង្គោលបំពាក់ខ្សែកាបចំនួន២ដើម បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម និងស្លាកសញ្ញាបង្ហាញទិសដៅចរាចរណ៍ផងដែរ ត្រូវបានបាក់រលំ កាត់ទទឹងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ បន្ទាប់ពីរថយន្តធុនធំ បើកបុកទាក់ខ្សែ ហើយបើករត់គេចទៅបាត់ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក នៅលើកំណាត់ផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជុំវិញករណីខាងលើនេះ បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់មិនច្បាស់ថា រថយន្តម៉ាកអ្វីបើកទាក់ខ្សែកាប ខ្សែភ្លើង ទាញបាក់រលំបង្គោលនោះដែរ ដោយនៅវេលាម៉ោងខាងលើ មានរថយន្តធុនធំ ដឹកទំនិញជាច្រើនគ្រឿង បើកឆ្លងកាត់ ហើយដោយខ្សែកាប ខ្សែភ្លើងមិនបានជាប់ទាក់នឹងរថយន្ត វាជាឱកាសមួយ សម្រាប់រថយន្តបង្កងាយបើករត់គេច ទៅបាត់បានដោយសុវត្តិភាព ។

ទោះជាមិនមានបង្កឲ្យអ្នកណារងរបួសក៏ពិតមែន តែបង្គោលភ្លើងថ្ម អត់សរសៃលួស២ដើម បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បានបាក់រលំរាបដល់ដី កាត់ទទឹងផ្លូវ ធ្វើឲ្យខ្សែភ្លើងធ្លាក់រាយប៉ាយ បង្កឲ្យកកស្ទះចរាចរណ៍ផងដែរ ៕

មតិយោបល់