ជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីអំពើលួច (លួចយកម៉ូតូ) នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ មីន សាឡេះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរឥស្លាម ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សោម សោភា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣០EO ផ្លូវ៥៦៦ ភូមិ៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សម្ភារៈបាត់បង់ ៖ គ្មាន ។
សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០១៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HF-9185 ប្រគល់ឲ្យជនរងគ្រោះវិញ និងដែកច្នៃកាច់កម៉ូតូចំនួន ០១ ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះមកលេងបងប្អូន នៅចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះមកដល់ បានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះលេខ១៧៤ ត្រង់ចំណុចកើតហេតុ រួចជនរងគ្រោះ បានដើរចូលទៅក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូជិះចេញ ពេលនោះ ជនរងគ្រោះក្រឡេកឃើញ ស្រែកថាចោរៗ រួចនាំគ្នាដេញតាមជនសង្ស័យ ដល់ចំណុចការ៉ាស់សាំងតេលាផ្លូវ១៩២៨ ចំពេលកម្លាំងល្បាតរបស់អធិការដ្ឋាន បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់