ភ្នំពេញៈ កាលពីវេលាម៉ោង ៣ និង ១០ នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានករណីបុរសម្នាក់ បន្លំលួចយកម៉ូទ័រ (ស្វាន) ត្រូវម្ចាស់ឃើញទាន់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំ។
ជនរងគ្រោះឈ្មោះ មាង បញ្ញា អាយុ ២៨ ឆ្នាំមុខរបរ លក់សម្ភារៈគ្រឿងសំណង់ ស្នាក់នៅភូមិឬស្សី២ សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ ។ ជនសង្ស័យឈ្មោះ សុខ ប៊ុនខឿន អាយុ៣៧ ឆ្នាំមុខរបរ អ្នករត់តុការ ស្នាក់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីម មកដល់តូបលក់របស់ខ្លួន ហើយចតម៉ូតូនៅមុខតូប រួចដើរទៅសួរកន្លែងចម្លងសោ តែជនរងគ្រោះ បានប្រាប់ជនសង្ស័យថា អ្នកធ្វើសោមិននៅទេ បន្ទាប់មកជនសង្ស័យ បានដើរទៅរកម៉ូតូវិញ ក៏បន្លំលួចយកម៉ូទ័រ ដាក់លើម៉ូតូ រួចជិះគេចខ្លួន ប៉ុន្ដែត្រូវម្ចាស់ឃើញទាន់ ក៏ស្ទុះទៅឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនមិនបានលួចម៉ូទ័រ ទេ ហើយខ្លួនបានស្រែក ប្រាប់ម្ចាស់អ្នកលក់ថា ខ្ចីម៉ូទ័រទៅសាកនៅផ្ទះសិនចាំទិញ ប៉ុន្ដែជនរងគ្រោះ បានឆ្លើយថា ខ្លួនមិនបានស្គាល់គ្នា ជាមួយជនសង្ស័យទេ ។
ប៉ុន្តែក្រោយសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្ដិ៍ ទើបដឹងថា គ្រាន់តែជារឿងយល់ច្រឡំប៉ុណ្ណោះ ហើយបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងផងដែរ៕
មតិយោបល់