ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យមន្ដ្រីជំនាញ សហការជាមួយភាគីថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសថៃ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន បញ្ជាឱ្យមន្ដ្រីជំនាញរបស់កម្ពុជា សហការជាមួយភាគីថៃ បញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីជាផ្នែកមួយជួយការពារសុខុមាលភាពប្រជាពលរដ្ឋនៅក្រៅប្រទេស។

ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋដោយគិតចាប់ពីកុមារ អាយុ ពី៦ឆ្នាំឡើងទៅបាន៨៥,៦៨ភាគរយ នៃប្រជាជនសរុប១៦លាននាក់ មានន័យថា កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងនេះបានលឿនមុនការកំណត់ ក្នុងរង្វង់៨ខែ បន្ទាប់ពីការបើកយុទ្ធនាការ ដោយពីដំបូងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែឥឡូវនេះភាព សុំាសហគមន៍មានរហូតដល់៨៥,៦៨រយភាគ ដែលជាអត្រាមួយដ៏ខ្ពស់ដែលគិតត្រឹមក្របខ័ណ្ឌប្រជាជនត្រឹមតែ ១៦លាននាក់ប៉ុណ្ណោះ។ សម្តេចបន្ថែមថា ទោះបីជាកម្ពុជា បានសម្រេចនូវការចាក់វ៉ាងសំាងជូនប្រជាពលរដ្ឋបានរហូត ដល់ ៨៥,៦៨រយភាគក៏ពិតមែន ប៉ុន្តែក្នុងចំនួននេះ ក៏នៅមានប្រជាពលរដ្ឋកម្ពុជាមួយចំនួនទៀតដែលកំពុងរស់នៅក្រៅប្រទេស ដោយខ្លះទទួលបានវ៉ាក់សាំង និងខ្លះទៀតមិនទាន់បានចាក់។ សម្តេចតេជោ សម្ដែងនូវអំណរគុណចំពោះ មិត្តភក្តិទាំងឡាយ ប្រទេសជាមិត្ត ដែលមានពលរដ្ឋកម្ពុជារស់នៅទីនោះ ដូចជាកូរ៉េខាងត្បូង ជឿថាចាក់បានចាក់១០០ភាគរយនៃចំនួនពលរដ្ឋរបស់កម្ពុជា ហើយជប៉ុនចាក់បាន១០០ភាគរយ ដោយឡែកនៅថៃនិងម៉ាឡេស៊ី ប្រហែលជាអាចចាក់បានមួយចំនួនប៉ុណ្ណោះ។ តាមរយៈនេះ សម្ដេចតេជោមានបំណងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃ ដើម្បីស្នើឱ្យអាជ្ញាធរថៃ ជួយយកវ៉ាក់សាំងទៅចាក់ជូនពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅទីនោះ។ ក្នុងពេលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់។

«ពិតហើយឥឡូវនេះចំនួនពលរដ្ឋប្រជាជននៅក្នុងប្រទេសថៃបានចាក់វ៉ាក់សាំងច្រើនណាស់ទៅហើយ ក៏ប៉ុន្តែសម្រាប់យើងក្នុងតួលេខជំរឿនរបស់យើងប្រជាពលរដ្ឋរបស់យើងមានរហូតទៅដល់ ១៦លាន៩សែននាក់។ ហើយប្រសិនបើក្នុងវេបសាយWorldometersគឺបានដាក់ថា កម្ពុជាមានប្រជាជនរហូតដល់១៧លាននាក់ឯណោះ អ៊ីចឹងសួរថាក្រៅពី១៦លាននាក់នៃប្រជាជន ចុះប្រមាណទៀត នៅឯណា អ៊ីចឹងបានសេចក្ដីថាយើងនៅសល់៩សែនឬ១លាននាក់ទៀត ដែលកំពុងនៅព្រះរាជាណាចក្រថៃ កូរ៉េខាងត្បូង ម៉ាឡេ និងនៅបណ្តាប្រទេសដទៃទៀត។ កងទ័ពរបស់យើងដែលកំពុងធ្វើប្រតិបត្តិការរក្សាសន្តិភាពនៅឯក្រៅប្រទេសក៏បានចាក់វ៉ាក់សាំងរួចរាល់ ខ្លះចាក់វ៉ាក់សំាងក្នុងប្រទេសហើយ ទើបបញ្ជូន ចេញ ហើយខ្លះក៏នៅទីនោះដែល មិនទាន់ប្តូរវេន ក៏បានទទួលវ៉ាក់សាំងរួចស្រេចហើយដែរ។

ប៉ុន្តែយើងនៅតែបន្តការងារថែមទៀត យើងត្រូវតែធ្វើការចាំបាច់ជាមួយភាគីថៃ ដែលយើងមិនអាចបញ្ជូន គ្រូពេទ្យរបស់យើងទៅចាកនៅក្នុងប្រទេសថៃបាននោះទេ។ ប៉ុន្តែតាមព័ត៌មានមានទំនាក់ទំនងគ្នាខ្លះៗហើយដែរ គឺយើងចង់ជូនវ៉ាក់សាំងជូនទៅដល់ភាគីថៃជួយគ្រប់គ្រងដឹកជញ្ជូន និងជួយចាក់ជូនពលករយើងក្នុងប្រទេសថៃ ក៏ប៉ុន្តែការធ្វើបែបនេះទៅបាន លុះត្រាតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃទើបយើងអាចធ្វើទៅបាន។ យើងមិនបានភ្លេចទៅដល់ពលរដ្ឋរបស់យើងដែលកំពុងធ្វើការនៅបរទេស ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃនោះទេ ប៉ុន្តែបានឬមិនបានយ៉ាងណានោះ ក៏សុំឱ្យបងប្អូនដែលជាពលករនៅក្នុងប្រទេសថៃមានការយោគយល់ ព្រោះប្រសិននៅក្នុងទឹកដីរបស់យើង គឺអ្នកដែលស្ម័គ្រចិត្តចាក់ គឺត្រូវតែបានចាក់ទាំងអស់»៕

មតិយោបល់