ភ្នំពេញៈ បុរស៣នាក់បានរងរបួសបាក់ដៃបាក់ជើង ខណៈកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តហាឡែនឌ័រ បុកទាំងកំរោល ហើយរថយន្តបើករត់បាត់ ដោយហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខប្រលានយន្តហោះពោធិ៍ចិនតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះទាំង៣នាក់មិនទាន់បានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ៣នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ភ្នំពេញ 1X-7402 ជិះក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តហាយឡែនឌឺ ពណ៌ទឹកប្រាក់ បើកតាមផ្លូវបេតុងវត្តតាំងកសាង ទិសដៅពីជើងទៅត្បូង ចេញឡើងមកផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងលឿន ជ្រុលទៅបុកម៉ូតូទាំងកំរោល បណ្តាលឲ្យអ្នកឌុបខ្ទាតចេញពីម៉ូតូជាង២០ម៉ែត្រ បែកក្បាល បាក់ជើងស្តាំ ចំណែកអ្នកជិះកណ្តាលបាក់ជើងស្តាំតាំងពីចង្កិះដល់ចុងជើង និងបាក់ដៃស្តាំ រីឯអ្នកជិះក្រោយម្នាក់ទៀតរងរបួសបែកចង្កា បែកក្បាល ភ្លាមៗរថយន្តបង្កបានបន្ថែមល្បឿនរត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តក្លីនិកឯកជនមកដឹកទៅសង្គ្រោះបន្ទាន់ ដោយឡែកបុរសដែលធ្ងន់ជាងគេ បញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សា ទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកទៅវិញ៕
មតិយោបល់