ព័ត៌មានជាតិ

លោក Tayyip Erdogan បាននិយាយថា ប្រទេសតួកគី នៅតែមានបំណងទិញ ប្រព័ន្ធការពារមីស៊ីលប្រភេទ S -400 ពីប្រទេសរុស្ស៊ី

(Reuters)​ -​ ប្រធានាធិបតី​លោក​ Tayyip​ Erdogan​ បាន​និយាយ​ថា​ ប្រទេស​តួ​ក​គី​នៅ​តែ​មាន​បំណង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ​ S​ -400​ ជា​លើក​ទី​ពីរ​ពី​ប្រទេស​រុ​ស្ស៊ី​ ដែល​នេះ​ជា​ជំហាន​មួយ​ដែល​អាច​ធ្វើ​ឲ្យ​មានការ​បែកបាក់​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​ជា​សម្ព័ន្ធមិត្ត​ណា​តូ​ និង​បង្ក​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ​ S​ -400​ បង្ក​ការ​គំរាមកំហែង​ដល់​យន្តហោះ​ចម្បាំង​ប្រភេទ​ F-35​ របស់​ខ្លួន​ និង​ប្រព័ន្ធ​ការពារ​របស់​ណា​តូ​។​ ប៉ុន្តែ​ប្រទេស​តួ​ក​គី​និយាយ​ថា​ ខ្លួន​មិន​អាច​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​សម្ព័ន្ធមិត្ត​ណា​តូ​តាម​លក្ខខណ្ឌ​ដែល​ខ្លួន​ពេញចិត្ត​នោះ​ទេ​។​

​កាលពី​ថ្ងៃអាទិត្យ​ នៅ​ក្នុង​បទ​សម្ភាសន៍​”Face​ the​ Nation”​ ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ CBS​ News​ ប្រធានាធិបតី​លោក​ Erdogan​ បាន​និយាយ​ថា​ “​នា​ពេល​អនាគត​ គ្មាន​នរណា​ម្នាក់​អាច​ជ្រៀតជ្រែក​ក្នុង​ការ​ទិញ​ប្រព័ន្ធ​ការពារ​ប្រភេទ​ណា​ និង​ពី​ប្រទេស​ណា​ ហើយ​ក្នុង​កម្រិត​ណាមួយ​នោះ​ទេ​”​ “​គ្មាន​នរណា​ម្នាក់​អាច​ជ្រៀតជ្រែក​ក្នុង​រឿង​នេះ​បាន​ទេ​។​ ហើយ​យើង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ធ្វើការ​សម្រេច​ក្នុង​រឿង​នេះ​”​ ។​

​កាលពី​ខែធ្នូ​ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​តួ​ក​គី​គឺ​លោក​ Ismail​ Demir​ និង​បុគ្គលិក​បី​នាក់​ផ្សេង​ទៀត​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ទិញ​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ប្រភេទ​ S-400​ ជា​លើក​ដំបូង​។​
​កិច្ច​ពិភាក្សា​បាន​បន្ត​រវាង​រុ​ស្ស៊ី​ និង​តួ​ក​គី​អំពី​ការ​ដឹក​ជញ្ជូន​ប្រព័ន្ធ​ការពារ​ទី​ពីរ​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​ ស្ទើរតែ​ប្រាកដ​ថា​នឹង​មានការ​ដាក់​ទណ្ឌកម្ម​ថ្មី​ ៕

មតិយោបល់