ព័ត៌មានជាតិ

យុវជន២នាក់បើកម៉ូតូយ៉ាងលឿន ទៅបុកកង់ចំពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់

កណ្ដាលៈ បុរស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល ខណៈដែលបុរសរងគ្រោះ២នាក់ បើកម៉ូតូឌុបគ្នា មិនប្រយ័ត្នគេចមិនទាន់ បុកកង់ក្មេងប្រុសម្នាក់កំពុងជិះស្របទិសគ្នានៅខាងមុខពេញមួយទំហឹង នៅវេលាម៉ោង៦និង២០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ( ខ ) ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ធី សំណាង ហៅ ខ្មៅ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល រងរបួសធ្ងន់ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HO-1983 និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ឈាង ហុងម៉េង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជួសជុលទូរស័ព្ទ មានទីលំនៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល រងរបួសធ្ងន់។

ជនរងគ្រោះអ្នកជិះកង់ឈ្មោះ ហេង ម៉េងហំាង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាល) ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូមានគ្នា២នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ បានបុកកង់ពីក្រោយ ដែលមានទិសដៅស្របគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវ ទទួលរងរបួសធ្ងន់ទាំង ២នាក់ រីឯជនរងគ្រោះជាអ្នកជិះកង់រងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកោះធំ បានចុះអន្ដរាគមន៍យករថយន្ដស៊ីរ៉ែនរបស់អធិការដ្ឋាន ដឹកជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញ ធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់៖ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកមានល្បឿនលឿន មិនមើលខាងមុខ ទើបបានជាបុកអ្នកជិះកង់ចំពីក្រោយ បណ្ដាលឲ្យរងរបួស ទាំងសង្ខាងបែបនេះ៕

មតិយោបល់