ព័ត៌មានជាតិ

រថយន្តផ្ទុកកុងតឺន័រក្រុមហ៊ុនផែស្ងួត តេង ឡាយ វ៉ាជែងប៉ះរថយន្តបែន បណ្ដាលឲ្យក្រឡាប់លើទ្រូងផ្លូវ

កោះកុងៈ នៅវេលាម៉ោង ០៧និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៤៩-១៥០ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តផ្ទុកកុងតឺន័រ បើកវ៉ាជែងរថយន្តបែន។

រថយន្តបង្កម៉ាក Fuso ក្បាលពណ៌ត្រួយចេក របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ពាក់ស្លាកលេខ ភ្នំពេញ 3E-4842 ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ អ្នកបើកបរឈ្មោះ សឿន រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិតាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តរងគ្រោះម៉ាក ហ៊ីណូ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1712 អ្នកបើកបរឈ្មោះ កន សាវ៉ាត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិទូល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់(ផ្លូវកោង) ក៏ជ្រុលចង្កូតប៉ះរថយន្តរងគ្រោះ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់លើទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ។

មូលហេតុ៖ រថយន្តដែលធ្វើដំណើរពីកំពង់សោមឡើងវ៉ា។

សូមបញ្ជាក់៖ ករណីគ្រោះថ្នាក់ខាងលើ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ ចំណែកវត្ថុតាងរង់ចាំរថយន្តស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីបន្តតាមនីតិវិធី៕

មតិយោបល់