ព័ត៌មានជាតិ

គ្រូទាយកាប់ក្រុមប្រឹក្សាឃុំគគីរ២កាំបិត ដេរ៥ថ្នេរ

កណ្ដាលៈ បុរសវ័យចំណាស់មានមុខរបរជាគ្រូទាយបានយកកាំបិតទៅមន្រ្តីក្រុមប្រឹក្សាឃុំម្នាក់២កាំបិត បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គគីរឃាត់ខ្លួនកាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះជនល្មើសភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នគរបាលប៉ុស្តិ៍គគីរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថោង សំអឿនភេទស្រី អាយុ៦០ឆ្នាំ (ខ្មែរ) មុខរបរលក់ដូរ និងជាក្រុមប្រឹក្សាឃុំគគីរ មានទីលំនៅភូមិតារាដូនស ឃុំគគីរ ស្រកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ហ៊ីង សុផុន ភេទប្រុស អាយុ៦១ឆ្នាំ (ខ្មែរ)មុខរបរគ្រូទាយ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកៀនស្វាយ ខេត្តកណ្ដាល។

នគរបាលប៉ុស្តិ៍គគីរបានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានយកលិខិតលែងលះរបស់សាលាឃុំគគីរ (លិខិតលែងលះរបស់ ហ៊ីង សុផុន និង ថោង សុផល) ទៅឲ្យជនល្មើសដល់ផ្ទះ រួចជនរងគ្រោះបានសុំចូលបន្ទប់ទឹក ពេលជនរងគ្រោះបើកទ្វារបន្ទប់ទឹកចេញមកក្រៅវិញ ក៏ស្រាប់តែជនល្មើសបានយកកាំបិតប៉័ងតោដងឈើរុំក្រណាត់ពណ៌ក្រហមកាប់ក្បាលជនរងគ្រោះចំនួនពីរកាំបិត បណ្ដាលឲ្យរងបួសពីរកន្លែដេរចំនួន០៥ថ្នេរ និងធាក់ចំនួនបីជើងទៀតចំទ្រូងចំនួនមួយជើងនិងត្រូវពោះចំនួនពីរជើង បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍គគីរ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុឃាត់ជនល្មើសបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់