ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១កញ្ចប់

ភ្នំពេញ: យុវជន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតនៅថ្នាំញៀន១កញ្ចប់ និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារបានប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចយើងបានកំពុងជិះល្បាតនៅជុំវិញមូលដ្ឋាន ក៏ប្រទះឃើញយុវជន ២នាក់បានជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ ដើម្បីត្រួតពិនិត្យ និងបានរកឃើញនៅម្សៅក្រាមពណ៌(ស)១កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។

លោក ឯក សេរីវុធ បានបន្តទៀតថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ហ៊ាន សូរិយ៉ា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ នូ សំនៀង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាទាហ៊ាន បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិសំរោង ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម និងបានដកហូតម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CT-9747។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

មតិយោបល់