បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៥២នាទី នៅចំណុចមន្ទីរពេទ្យបង្អែកដីថ្មី ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងស្នាក់ការសន្តិសុខ៩៩៩ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនាកាប់នឹងកាំបិត ដែលប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងថា៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ភុត លាម ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ខាត់ រិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ខ្លួនបានទៅលេងមិត្តភ័ក្តនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងបានផឹកស៊ីជាមួយមិត្តភ័ក្តនៅទីនោះ លុះម៉ោងប្រមាណ ២០និង០០នាទី ក៏បានបែកគ្នាពីកន្លែងផឹកស៊ី ហើយខ្លួនបានពឹងឲ្យមិត្តភ័ក្តជូនខ្លួនមកផ្ទះ លុះជិះដល់ចំណុចភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ពួកខ្លួនក៏បានឈប់នោមនៅគុម្ពដើមសង្កែ ក្បែរមាត់ផ្លូវ ស្រាប់តែមានបុរសម្នាក់មិនស្គាល់ឈ្មោះ បានមកសួរនាំ ហើយមានការតពាក្យសម្តីគ្នា មួយសន្ទុះក្រោយមកបុរសម្នាក់នោះ បានយកកាំបិតខ្វែវកាំមកលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរផ្នែកជើងខាងឆ្វេង ហើយជនបង្កនោះក៏បានរត់គេចបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោយប៉ែត លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ជនបង្កបានចូលខ្លួនមកសុំសម្រួលជាមួយជនរងគ្រោះ តែជនរងគ្រោះមិនព្រម ហើយស្របពេលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កំពុងតាមដានជនបង្កពីក្រោយដោយសម្ងាត់ ក៏ធ្វើការឃាត់ខ្លួនជនបង្ក នៅចំណុចមន្ទីរពេទ្យបង្អែកនោះតែម្តង ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា៖ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ក្រោយពីទទួលបានមុខសញ្ញាជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថ បានតាមពីក្រោយជនសង្ស័យ រហូតដល់ចំណុចមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត និងធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរចំនួនម្នាក់ឈ្មោះ អុច គឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយខឹងជនសង្ស័យនោមដាក់លើផ្លាកយីហោរបស់ខ្លួន ក្រោយពីកាប់រួចក៏បោះកាំបិតចោលក្នុងព្រៃ មិនចាំកន្លែង។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ ហិង្សាដោយចេតនា(កាប់និងកាំបិត) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់