ព័ត៌មានជាតិ

អាសូរណាស់! បុគ្គលិកខារ៉ាអូខេ SN ជិះម៉ូតូ បុករថយន្ត១គ្រឿង ស្លាប់ចោលប្រពន្ធ និងកូន

ភ្នំពេញ: កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងឃ្លោងទ្វារវត្តសំរោងអណ្ដែត ប្រមាណ៥០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿង មិនចាំម៉ាក ជាប្រភេទមួយបាំងកន្លះ ពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវបម្រុងឆ្ពោះទៅផ្លូវបេតុង នៅពេលបើកឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានម៉ូតូរបស់ជនរងគ្រោះខាងលើ ម៉ាកស៊ុយស័រគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាក់លេខ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅបញ្ច្រាសគ្នា ជាមួយល្បឿនលឿន ក៏ចាប់ហ្វ្រាំងបណ្ដាលឲ្យដួលអូសចូលក្រោមរថយន្ត រងការខូចខាតវៀចបូម និងបែកកាបាំងផ្នែកខាងមុខ។

ចំណែកឯបុរសដែលជាអ្នកបើកបរម៉ូតូ បានដួលបោកក្បាលទៅនឹងថ្នល់ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដង។ ដោយឡែករថយន្តមិនចាំម៉ាកខាងលើ បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងស្វែងរកសាច់ញាតិជនរងគ្រោះផងដែរ។ មួយស្ទុះក្រោយមកក៏មានប្រពន្ធ រួមជាមួយម្តាយបង្កើតជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ បានទ្រហោយំគួរឲ្យសង្វេគ។

ជនរងគ្រោះឈ្មោះ ថា ទេពបញ្ញា អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានកូនប្រុសអាយុ៣ឆ្នាំម្នាក់ ពេលថ្ងៃជនរងគ្រោះ ជាជាងកញ្ចក់ និងពេលយប់ឆ្លៀតទៅធ្វើការនៅក្នុងខារ៉ាអូខេ SN។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយសពបុរសរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តទឹកថ្លា៕

//www.youtube.com/watch?v=KpaLWP-ulFg

មតិយោបល់