ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បើកបុកម៉ូតូកិនអូសស្លាប់បុរសម្នាក់នៅកន្លែង ក្នុងខណ្ឌកំបូល

ភ្នំពេញៈ បុរសម្នាក់ត្រូវរថយន្តបើកបុកកិនអូសប្រមាណជាង៣០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង៨ យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ យឿង ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ម៉ូតូជនរងគ្រោះ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GF.1468 ធ្វើដំណើរពីកើតទៅលិច។ ចំណែករថយន្តបង្ក ជាប្រភេទកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3C-0951 បើកបរក្នុងទិសដៅពីលិចទៅកើត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូខាងលើ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនមធ្យម មកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តកុងតឺន័រ បានរេចង្កូតទៅផ្នែកខាងឆ្វេង បុកម៉ូតូជនរងគ្រោះពេញទំហឹង ដោយបុកកិនអូសប្រមាណជាង៣០ម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុផងដែរ។

ភ្លាមៗតៃកុងរថយន្តបង្ក បានចុះពីលើរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល បន្សុលទុករថយន្តនៅន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌបានចុះដល់ទីតាំងខាងលើ បានប្រគល់ឲ្យជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីវាស់វែង និងយកវត្ថុតាង យកទៅរក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ។ ចំណែកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់