ឧត្ដរមានជ័យៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានទទួលពាក្យបណ្ដឹងពីឈ្មោះ អ៊ូ ផលមាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ទូរស័ព្ទដៃ និងគ្រឿងបំពងសម្លេង រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ថា៖ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២និង១០នាទី មានកើតករណីចោរចូលលួចសម្ភារៈ ក្នុងហាងរបស់ខ្លួន បណ្តាលឲ្យបាត់បង់សម្ភារៈដូចជា៖
-ធុងបាស់សម្រាប់ចាក់ប្លូធូ ទាំងធំ និងតូចចំនួន ១៤គ្រឿង
-ថាច់(អេក្រង់)ទូរស័ព្ទចំនួន ១៧គ្រឿង
សរុបជាទឹកប្រាក់អស់ចំនួន ៩៧០ដុល្លារ ។
បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានធ្វើការស្រាវជ្រាវ ឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ងាវ រី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបណ្តោះអាសន្ន ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
ក្រោយសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចពិតមែន ដោយមានបក្ខពួកម្នាក់ទៀតចូលរួមចូលលួចជាមួយគឺឈ្មោះ អ៊ុន បរមី ភេទប្រុស (កំពុងគេចខ្លួន) ។ បច្ចុប្បន្នសង្ស័យ កំពុងសាកសួរនៅប៉ុស្តិ៍ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់