ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ២នាក់ នៅខណ្ឌកំបូល

ភ្នំពេញ: មនុស្ស២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីមាន រថយន្តមួយគ្រឿង មិនចាំម៉ាកបានបុកចំពីមុខ រួចហើយព្យាយាមបន្ថែមល្បឿន បើកគេចបាត់ស្រមោល ដែលហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង៩និង៤០នាទីយប់ ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចខាងមុខវត្តកំបូល ក្នុងសង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយដឹងថា ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាក ឌ្រីមសង់
ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HU.7930 អ្នករងរបួសស្រាល ត្រូវបានគ្លីនិកសម្ភព សុធារិទ្ធ បែកចានយកទៅសង្រ្គោះ រីឯអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសម្ភពរស្មីដឹកទៅមន្ទីរពេទ្យ ព្រះកុសម: (ហៅពេទ្យលោកសង្ឃ) ដើម្បីសង្រ្គោះជីវិត។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ ជិះម៉ូតូឌ្រីមសង់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿនបានវ៉ារជែង ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច បញ្រ្ចាសទិសដៅគ្នាយ៉ាងលឿន បុកពេញទំហឹង បណ្តោលឲ្យរងរបួសធ្ងន់ស្រាល ២នាក់ រួចហើយរថយន្តបើកបន្ថែមល្បឿនគេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចុះមកវាស់វែង យកម៉ូតូរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌកំបូល រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញនៅពេលក្រោយ៕

មតិយោបល់