ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម! យុវជនម្នាក់ ដេកស្លាប់ ដោយក្បាលទំនងត្រូវគេវាយដុំថ្មជាច្រើនកន្លែង…

ភ្នំពេញ: កាលពីវេលាម៉ោង ១និង ២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវជាតិ មហាវិថី វិមានឈ្នះ ឈ្នះ ទល់មុខក្លោងទ្វារវត្តភ្នៀត ក្នុងភូមិភ្លូផ្អែម ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានករណីយុវជនម្នាក់ បានស្លាប់បាត់បង់ជីវិត សង្ស័យជារឿងឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើល។

ជនរងគ្រោះស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណទេ ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី ឆ្នាំ២០០៩ ឡើងតែមឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AE.5317។

ដំណើររឿង៖ ដំបូងឡើយគេឃើញមានម៉ូតូ ៤ទៅ ៥ គ្រឿង បានដេញគ្នាតាមផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានឮសូរជនរងគ្រោះ ស្រែកឲ្យជួយផងជួយផង ពេលនោះប្រជាពលរដ្ឋ ដែលនៅផ្ទះជិតកន្លែងកើតហេតុ ក៏ចេញមកមើលឃើញជនសង្ស័យ ជិះម៉ូតូត្រឡប់ទៅត្បូងវិញ ៣ទៅ៤គ្រឿង ហើយក៏ដើរមកមើលកន្លែងកើតហេតុ ស្រាប់តែឃើញមានជនរងគ្រោះម្នាក់ បានដេកស្លាប់ផ្កាប់មុខ ដែលគាត់ស្លៀកពាក់ខោខូវប៊យ ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ពណ៌ស ឆ្នួត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មិនដឹងថារស់នៅទីណានោះទ្បើយ ហើយស្នាក់ស្នាម ក្បាលត្រូវនឹងដុំថ្មជាច្រើនកន្លែង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ បានព័ទ្ធខ្សែជុំវិញរង់ចាំជំនាញ មកធ្វើសកលវិច័យ ដើម្បីពិនិត្យនៅពេលព្រឹក៕

មតិយោបល់