ព័ត៌មានជាតិ

ផ្អើលពេញ Facebook ករណីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ មិនព្រមចុះហត្ថលេខាបញ្ជាក់លើឯកសារ សុំបង់ពន្ធរ៉ឺម៉កចាស់ ពេលនេះចេញបំភ្លឺហើយ

ត្បូងឃ្មុំៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១ និង០០នាទី មានគណនី facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ភេទប្រុស មានតួនាទីជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសួង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានបង្ហោះខ្លឹមសារចោទប្រកាន់ទៅលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ថា មិនព្រមចុះហត្ថលេខាបញ្ជាក់លើឯកសារ សុំបង់ពន្ធរ៉ឺម៉កចាស់ របស់ឈ្មោះ អើយ សុភា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងលេសតឹងតែងប្រហែងគ្មានលុយក្រោមតុ ហើយបានលោកមេប៉ុស្តិ៍លើកហេតុផលរហូត។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមបញ្ជាក់ជូនសាធារណៈជនថា លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ មិនមានចេតនា ឬហេតុផលណាមួយមិនព្រមចុះហត្ថលេខាឲ្យលោកស្រី អើយ សុភា នោះទេ ពីព្រោះថាឯកសារនេះ មិនទាន់បានសសេរ និងបំពេញ គ្រប់គ្រាន់តាមទំរង់នោះទេ ទើបលោកនាយប៉ុស្តិ៍ស្នើឲ្យលោកស្រី អើយ សុភាព ទៅយកអត្តសញ្ញាណប័ណ្ណ ឬលិខិតណា ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ត្រឹមត្រូវពីអត្តសញ្ញាណរបស់ខ្លួន និងថតចម្លងដើម្បីរក្សាទុកជាឯកសារតែប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្នើឲ្យម្ចាស់គណនី facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ធ្វើការកែតម្រូវអត្ថបទរបស់ខ្លួនដែលបានបង្ហោះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់នគរជាតិ។ សូមអរគុណ!!!

មតិយោបល់