ព័ត៌មានសិល្បៈ និងកម្សាន្ត

គូស្នេហ៍នាយព្រែក មួយគូទៀតហើយ ប្រេះឆា

ទើបតែក្ដៅគគុកនឹងព័ត៌មានតារាកំប្លែងអ្នកនាង ភីម និងតារាចម្រៀងអ្នកនាង ឆ័យលី ដាឡែន បែកបាក់ស្នេហ៍សោះ ពេលនេះ តារាកំប្លែងនាយព្រែកឯណេះវិញ ក៏សារភាពថាបែកបាក់ស្នេហ៍ដូចគ្នាផងដែរ បន្ទាប់ពីអតីតគូដណ្ដឹងរបស់លោក គឺ កញ្ញា តី បង្ហោះជារឿយៗថាចែកផ្លូវគ្នាហើយ។ ជាមួយនឹងដំណឹង បែកបាក់នេះ ភាគីខាងប្រុសថា អត់មានរឿងអីធំដុំគ្រាន់ តែរឿងអស់និស្ស័យ ប៉ុន្តែភាគីខាងស្រី ហាក់លាតត្រដាងពីការឈឺចាប់ដ៏ច្រើន។

លោក ខេង រតនៈ ហៅនាយព្រែកនិយាយថា រវាងលោក និងកញ្ញាតី ជាគូដណ្ដឹងបែកគ្នា ប្រមាណជាង១ខែមកហើយ បន្ទាប់ពីជីវិតស្នេហាមានបញ្ហាខ្លះៗ ហើយមិនចុះសម្រុងគ្នា ដែលមិនអាចអោយលោក និងគូដណ្ដឹងបន្តដំណើរ។ លោកបដិសេធទម្លាយពីមូលហេតុ ដែលនាំអោយមានរឿង មិនចុះសម្រុង ដោយលោកប្រកាសថា លោកនិងគូស្នេហ៍បានបែកគ្នាហើយ ដូច្នេះត្រូវតែរក្សាកិត្តិយសអោយគ្នា។

លោកលើកឡើងយ៉ាខ្លីថា គ្រប់យ៉ាងគឺជារឿងនិស្ស័យ ទើបលោកដើរដល់ត្រឹមតែចំណុចប៉ុណ្ណឹង ក៏បែកបាក់គ្នា។ លោកនិយាយថា “មនុស្សយើងគ្រប់យ៉ាង មិនទាល់តែមានជម្លោះ ឬ បញ្ហាទេ ជួនកាលគ្រាន់តែដល់ពេលវេលាមួយ ដែលយើងគិតថា មិនអាចបន្តនិស្ស័យ ក៏អាចបែកគ្នាបានដែរ សម្រាប់ខ្ញុំជឿលើនិស្ស័យ”។ លោកបង្ហាញអារម្មណ៍ សោកស្ដាយដែលមនុស្សជាទីស្រទ្បាញ់ បែរជាត្រូវប្រេះឆាកណ្ដាលទី ប៉ុន្តែលោកក៏បានបញ្ជាក់ថាអ្វីៗ នឹងមិនអាចត្រលប់មកដូចដើមបានដែរ។

ងាកទៅអតីតគូដណ្ដឹងរបស់លោកវិញ គេឃើញនាងបង្ហោះជារឿយៗ បង្ហាញពីការបែកបាក់ជាមួយនាយព្រែក។ អ្វីដែលគេចាប់អារម្មណ៍ គឺនាងបង្ហោះពីការឈឺចាប់ដ៏ច្រើន ដែលធ្វើអោយមហាជនកាន់តែច្រើនងឿងឆ្ងល់ ពីមូលហេតុនៃការបែកបាក់នោះផង។ អតីតគូដណ្ដឹងរបស់លោក ដែលប្រើហ្វេសប៑ុកឈ្មោះ Tey Loner បានផុសសារចុងក្រោយ នៅលើហ្វេសប៑ុកថា “កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែង ដែលតែងតែធ្វើអោយយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃ ទើបយើងដឹងថា ជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះ មានអារម្មណ៍ធូរស្រាល Single life”។

ការលើកឡើងរបស់នាង ហាក់សំដៅថា នាងទទួលរងការឈឺចាប់ ក្នុងចំណងស្នេហ៍ ជាមួយនាយព្រែក ទើបបណ្ដាលអោយពួកនាងបែកគ្នា។ យ៉ាងណាមិញ នៅពេលជជីកសួរពីដើមចមលម្អិត ទាំងភាគីលោកព្រែក និង កញ្ញា តី នៅតែបដិសេធមិនផ្ដល់សម្ភាសន៍ តាមអ្វីដែលបានជជីកសួរ៕

មតិយោបល់