ភ្នំពេញៈ កាលពីវេលាម៉ោង៨ និង១៨នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចគ្លីនិកឯកជន យីហោករុណាពេទ្យ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីនារីវ័យក្មេងម្នាក់មានផ្ទៃពោះ ៧ខែ បានទៅពិនិត្យផ្ទៃពោះ និងឆ្លុះអេកូនៅគ្លីនិកឯកជនខាងលើ ត្រូវបានខាងក្រុមគ្រូពេទ្យ យកម្រាមដៃមិនបានពាក់ស្រោមមកលូក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារកើតទុក្ខ មិនសុខចិត្តឈ្លោះទាស់ពាក្យសម្ដីតែម្តង។
ចុងក្រោយ ខាងគ្រូពេទ្យយល់ព្រមសងជំងឺចិត្ត ៤០០ដុល្លារ។ ជនរងគ្រោះមានអាយុ ១៩ឆ្នាំ ស្នាក់នៅសង្កាតផ្សារថ្មី៣ ខណ្ឌដូនពេញ ប្តីរបស់ជនរងគ្រោះអាយុ ២៣ឆ្នាំ មានមុខរបរអូឌើ នៅខារ៉ាអូខេ ស្នាក់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ កំពុងធ្វើការនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដោយមានអការមិនស្រួល ទើបហៅក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បីជូ នមកមន្ទីរពេទ្យជប៉ុន ហើយជនរងគ្រោះ បានសួរអ្នករត់កង់បីថា នៅកន្លែងណាមានឆ្លុះអេកូ?
ពេលនោះខាងអ្នករត់ម៉ូតូកង់បី បានប្រាប់ថា ស្គាល់ ទើបជនរងគ្រោះ ឲ្យដឹកទៅទីតាំងនោះ។ នៅពេលចូលទៅដល់ខាងក្រុមគ្រូពេទ្យ ក៏បានឲ្យអ្នកជំងឺចូលក្នុងបន្ទប់ ដើម្បីពិនិត្យ ហើយបន្ទាប់មក ពេទ្យបានយកម្រាមដៃលូក អ្នកជំងឺ ទាំងមិនមានពាក់ស្រោមដៃម្តង ហើយម្តងទៀតចំនួន ៣លើក បណ្តាលឲ្យជនរងគ្រោះគិតថា ខាងគ្រូពេទ្យ ដូចជាគិតមិនល្អចំពោះខ្លួនហើយ ក៏យករឿងនិយាយប្រាប់ប្តី ទើបបង្កជម្លោះទាស់ពាក្យសម្ដីគ្នា បង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុ ខាងគ្រូពេទ្យមិនបានចេញមកដោះស្រាយទេ ក៏មានការសម្របសម្រួលពីសមត្ថកិច្ច ទើបមានតំណាងខាងគ្លីនិកចេញមកបកស្រាយ ព្រមសងសំណងដល់ក្រុមគ្រួសារអ្នកជំងឺចំនួន ៤០០ដុល្លារ និងសុំមិនឲ្យដាក់ពាក្យបណ្តឹង ព្រមទាំងធានា ទទួលខុសត្រូវចំពោះជនរងគ្រោះ រហូតដល់ថ្ងៃសម្រាលកូនទៀតផង ដើម្បីបញ្ចប់រឿង៕
មតិយោបល់