ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង ឡុង ជាប ដោះលែងបុរសម្នាក់ ដែលធ្វើឲ្យឆេះផ្ទះអ្នកដទៃនៅបុរីពិភពថ្មីម្នាក់

ភ្នំពេញៈ បើយោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះលោកព្រះរាជអាជ្ញារង ឡុង ជាប បានសម្រេចដោះលែង បុរសម្នាក់ ជាថៅកែពូក ដែលបង្កឲ្យភ្លើងឆេះផ្ទះអ្នកដទៃ នៅបុរីពិភពថ្មីចំការដូង ឲ្យត្រលប់ទៅផ្ទះវិញ ហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមាន លាង សេងហួង ភេទប្រុស អាយុ ៣៤ឆ្នាំ មុរបរ អាជីវករលក់ពូក រស់នៅផ្ទះលេខ ២៦០ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពបន្ថែមថា ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនតាមដីកា បញ្ជាឲ្យចូលខ្លួន របស់លោកព្រះរាជអាជ្ញារង ឡុង ជាប ជាតំណាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន ០៨នាក់ ដែល បានចោទប្រកាន់ជនសង្ស័យឈ្មោះ លាង សេងហួង ពាក់ព័ន្ធ ករណីបង្កឲ្យមានអគ្គិភ័យ ធ្វើឲ្យខូចខាតដោយគ្មានការប្រុងប្រយ័ត្ន ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ២៦០ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងការដោះលែងនេះ លោកព្រះរាជអាជ្ញារង ឡុង ជាប បានបញ្ជាក់តាមទូរស័ព្ទថា លោកបានសម្រេចដោះលែងជនសង្ស័យឈ្មោះ លាង សេងហួង នោះដោយសារភាគីដើមបណ្តឹង និងជនសង្ស័យបាន សម្រួលគ្នា បញ្ចប់រឿង និងលោកថា ដោយសារតែរឿង បង្កឲ្យភ្លើងឆេះផ្ទះអ្នកដទៃនេះជារឿងតូចតាចផង។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានដោះលែង ជនសង្ស័យជាមេឆ្នោតវៀតណាមប្រចាំខណ្ឌទួលគោកម្នាក់ឈ្មោះ លឹម ធារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កត់កន្ទុយលេខ ស្នាក់នៅផ្ទះលេខ៩២AEo ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហើយកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានដោះលែង មេបនល្បែងចាក់បាល់តាមអ៊ីនធឺណេត យីហោ សេវាអ៊ីនធើណេត វិស័យព័ត៌មាន កាហ្វេ០១៨ មានទីតាំងផ្ទះលេខ២៥៩ ផ្លូវលេខ១២២ ក្រុម ទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្នាក់ និងបក្ខពួក ៣នាក់ទៀត ដែលសមត្ថកិច្ចខណ្ឌទួលគោកចាប់បញ្ជូនទៅឱ្យលោកចាត់ការបន្តតាមច្បាប់ផងដែរ៕

មតិយោបល់