ភ្នំពេញៈ សាលារាជធានីភ្នំពេញចាប់ផ្តើមចង់ក្រងជាច្បាប់ ដើម្បីការពារដើមឈើតាមទីសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សំដៅលើកកម្ពស់បរិស្ថាន និងសោភណ័ភាពទីក្រុងឲ្យកាន់តែមានភាពបៃតង។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានព្រមាន នឹងដាក់ទោសទណ្ឌរួមទាំងការផាកពិន័យ ចំពោះពលរដ្ឋណា ដែលកាប់បំផ្លាញដើមឈើនៅតាមទីសាធារណៈ ឬ នៅពីមុខផ្ទះរបស់ខ្លួនក៏ដោយ។ លោកអភិបាលរាជធានីភ្នំពេញព្រមានដូច្នេះ ខណៈដែលក្រុមអ្នកជំនាញសាលារាជធានីភ្នំពេញកំពុងរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ពិសេសមួយក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដើមឈើនិងរក្សាបានភាពបៃតងក្នុងទីក្រុង។
ក្នុងពីធីដាំកូនឈើនៅក្នុងវិទ្យាល័យបឹងត្របែកកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា លោក ប៉ា សុជាតិវង្ស បានអៈអាងថា បច្ចុប្បន្ននេះ មានម្ចាស់លំនៅឋានមួយចំនួនបានលួចកាប់ ឬ ដាក់ថ្នាំសម្លាប់ដើមឈើនៅនិងមុខផ្ទះរបស់ខ្លួន ដើម្បីបំបាត់ភស្តុតាងកុំឲ្យមានដើមឈើនៅមុខផ្ទះ។
លោកចាត់ទុកសកម្មភាពនេះ ជាទង្វើផ្ទុយនិងច្បាប់ ត្រូវប្រឈមនឹងការដាក់ទោសទណ្ឌ ហើយដើមឈើ ដែលងាប់នោះ សាលាក្រុងក៏នឹងត្រូវដាំឡើងវិញដដែល ព្រោះមានផែនទីគ្រប់គ្រងដើមឈើត្រឹមត្រូវ។
លោកបន្តថា ការធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រងដើមឈើនេះ មិនត្រឹមតែជាយន្តការឲ្យប្រជាពលរដ្ឋ ពង្រឹកការថែទាំដើមឈើនៅមុខផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឯកសារផ្លូវច្បាប់សម្រាប់ រដ្ឋក្នុងការទូរទាត់សំណង់និងការទទួលខុសត្រូវចំពោះដើមឈើដែលបាក់រលំធ្វើឲ្យខូចខាតទ្រព្យសម្បត្តិឯកជនផងដែរ។
លោកបានបញ្ជាក់ថា ជាវិធានការណ៍ចំពោះមុខយើង និងធ្វើការវាយតម្លៃដើមឈើទាំង អស់ម្តងមួយដើមៗពីស្ថានភាពដើមឈើ អាយុកាល ហើយបើដើមឈើណាចាស់ទ្រុឌទ្រោម នឹងត្រូវគាស់ចេញដាំជំនួសវិញ ដើម្បីលើកកម្ពស់សោភណ័ភាពផង និងការពារការបាក់រលំដែលបង្ក គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិឯកជនផង។
លោកគ្រូ អាំ យ៉ុង ជាគ្រូបង្រៀននៅវិទ្យាល័យបឹងត្របែកបានបញ្ជាក់ថា ការពង្រឹងឲ្យមានភាពបៃ តងនៅតាមទីសាធារណៈនិងតាមសាលារៀននេះមានសារៈសំខាន់ណស់សម្រាប់ប្រជាពលរដ្ឋ ព្រោះវាមិនត្រឹមតែផ្តល់ជាម្លប់ក្នុងការសំរាកកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យមានខ្យល់អាកាសបរិសុទ្ធងាយដកដង្ហើមផងដែរ។
លោក ឆេង គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ការដាំធនធានដើមឈើឲ្យបានកាន់តែច្រើនក្នុងទីក្រុង គឺបានរួមចំណែកថែរក្សាការពារបរិស្ថាន ឱ្យបានល្អ បង្កើតសោភ័ណ្ឌភាពបៃតងស្រស់បំព្រង និងកាត់បន្ថយជាតិពុលក្នុងបរិយាកាស។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញមានដើមឈើទាំងអស់ប្រមាណជាង៦ម៉ឺនដើម នៅតាម តម្រាយជិត២០០០គីឡូម៉ែត្រ និងមានសួនច្បារសាធារណៈជាង៨០ហិកតា៕
មតិយោបល់