ព័ត៌មានជាតិ

រថយន្តស្ទួចចំនួន៥គ្រឿង ត្រូវបានអាជ្ញាធរក្រុងប្រគល់ឲ្យខណ្ឌ និងមន្ទីរសាធារណៈការ

ភ្នំពេញៈ រថយន្តប្រភេទស្ទួចចំនួន៥គ្រឿង ក្នុងនោះរួមមានរថយន្តស្ទួចធុនតូចចំនួន៤គ្រឿង និងធុនធំចំនួន១គ្រឿង ត្រូវបានអាជ្ញាធរក្រុងប្រគល់ជូនទៅអាជ្ញាធរខណ្ឌចំនួន៤នៅកណ្តាលក្រុង និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ កក្កដានៅសាលារាជធានីភ្នំពេញ។

ខណ្ឌទាំង៤ នៅកណ្តាលក្រុង ក្នុងខណ្ឌនីមួយៗទទួលបានរថយន្តស្ទួចមួយគ្រឿង ក្នុងនោះមានខណ្ឌដូនពេញ, ខណ្ឌទូលគោក, ខណ្ឌចំការមន និងខណ្ឌ៧មករា ចំណែកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញទទួលបានរថយន្តស្ទួចប្រភេទធំមួយគ្រឿង។

លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ការប្រគល់រថយន្តស្ទួចទាំង៥គ្រឿងនេះ គឺជាការរួមចំណែកបង្កើនសមត្ថភាពខាងសម្ភារៈ និងមធ្យោបាយដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញសម្រាប់យកទៅបម្រើការងារលើផ្នែករៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ក៏ដូចបម្រើដល់ការលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញក្នុងដំណាក់កាលដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍន៍ និងក៏ជួបនូវបញ្ហាប្រឈមមួយចំនួនពិសេសបញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅពេលដែលចំនួនប្រជាពលរដ្ឋកើនឡើង, មធ្យោបាយធ្វើដំណើរក៏មានការកើនឡើង។ បញ្ហានេះធ្វើឲ្យរាជធានីភ្នំពេញក៏ប្រឈមនឹងដំណោះស្រាយ លើផ្នែកសេវាសាធារណៈ និងតម្រូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ។

លោកអភិបាលក៏បានណែនាំឲ្យអាជ្ញាធរ និងមន្ទីរជំនាញត្រូវយករថយន្តស្ទួចទាំងនេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ៕

មតិយោបល់