ព័ត៌មានជាតិ

រាជរដ្ឋាភិបាលមានគម្រោងដកលុយពីភ្លៀវទេសចរចូលប្រាសាទអង្គរវត្ត ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចដកលុយពីភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទអង្គរវត្តក្នុងម្នាក់ៗ ចំនួន២ដុល្លារ ដាក់ចូលមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមការថ្លែងប្រាប់ពីលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅទីស្តីការក្រសួងការបរទេស បន្ទាប់ពីមានកិច្ចប្រជុំពិគ្រោះយោបល់រវាងកម្ពុជា និងស្វីសកម្រិតខ្ពស់ទ្វេភាគីនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។

ក្នុងជំនួបនេះ ឧបការីនៃក្រសួងការបរទេសស្វីស លោក ជូ ហាណេស ម៉ាធីយ៉ាស៊ី Johannes Matyssy បានប្រសាសន៍ថា កិច្ចពិគ្រោះយោបល់នេះ បានផ្តោតលើប្រធានបទសំខាន់រវាងប្រទេសទាំងពីរ រួមមានការអភិវឌ្ឍន៍ សេដ្ឋកិច្ច ការពិគ្រោះផ្នែកនយោបាយនៃប្រទេសទាំងពីរ។

លោកឧបការីនៃក្រសួងការបរទេសស្វីស បានបញ្ជាក់ថា ស្វីសនៅតែបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៅថ្ងៃអនាគត ទោះពីជាពុំមានវត្តមានលោកវេជ្ជបណ្ឌិត រិច ណ័រ នៅបន្តទៅទៀតក្តី។ លើសពីនេះ ទៅទៀតរដ្ឋាភិបាលទាំងពីរបានចុះ “អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងពិគ្រោះយោបល់ទ្វេភាគី” ជាប្រចាំឆ្នាំផងដែរ។

លោកក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយ នៅពេលដែលកម្ពុជាគាំទ្រស្វីស ចូលជាសមាជិកដៃគូសន្ទនា តាមវិស័យនានារបស់អាស៊ាន នៅពេលខាងមុខ។

ជាមួយគ្នានោះដែរលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះដែររាជរដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍប្រទេសមានការរីកចម្រើតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលកើតមាននៅពេល ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការពង្រឹងនីតិរដ្ឋការអនុវត្តច្បាប់ដូច្នេះពុំមានអ្វីពាក់ព័ន្ធដែលគេចោទថា កម្ពុជា មានវិបត្តិនយោបាយ គឺអត់មានទេ រឿងនោះ ជាបញ្ហាបុគ្គលដែលបានប្រព្រឹត្តខុស ហើយវិធានការដែលបានធ្វើកន្លងមក នេះជាការអនុវត្តច្បាប់។

ទាក់ទង និងបញ្ហានេះ លោក ជូ ហាណេស ម៉ាធីយ៉ាស៊ី Johannes Matyssy ឧបការីនៃក្រសួងការ បរទេសស្វីស បានបញ្ជាក់ថា ជាបញ្ហាផ្ទៃក្នុងប្រទេសកម្ពុជា ប្រជាជនស្វីស រដ្ឋាភិបាលស្វីសមិនជ្រៀត ជ្រែក ចូលទេហើយស្វាគមន៍ការ អនុវត្តលទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់នៅកម្ពុជានិងការអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន។

ទាក់ទង និងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផានៅពេលបច្ចុប្បន្ន និងអនាគត លោករដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសំរេចដកលុយពីអ្នកទេសចរណ៍ បរទេសចូលទស្សនាប្រាសាទ អង្គរវត្តក្នុងម្នាក់ៗចំនួន២ដុល្លារ ដាក់ចូលមូលនិធិជួយ មន្ទីរពេទ្យគន្ធបុប្ផា ហើយរដ្ឋាភិបាលស្វីសគាំទ្រវិធាន ការរបស់កម្ពុជាដើម្បីជួយពេទ្យគន្ធបុប្ផា៕

មតិយោបល់