ព័ត៌មានជាតិ

ទាស់ពាក្យសម្តីគ្នាក្នុងតារ៉ាងបាល ផ្ទុះកំហឹងបើករថយន្តបុករួចដេញចាក់ពីរកាំបិតរបួសធ្ងន់

ស្ទឹងត្រែង: យុវជនពីរនាក់ប្រកែកគ្នា រហូតដល់បង្កទៅជាជំលោះ ផ្ទុះកំហឹង បើករថយន្តដេញបុក ខណៈពេលដែលបុរសម្នាក់ទៀតជិះម៉ូតូចេញព្រម ហើយជនបង្កថែមទាំងទាញកាំបិតដេញកាប់ជនរងគ្រោះចំនួនពីរកាំបិតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង២០នាទី រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវកែង ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បើតាមអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ពួកគេបានឃើញជនបង្កនិង ជនរងគ្រោះឈ្លោះប្រកែកគ្នារឿង លេងបាល់ទះ បន្ទាប់មកក៏ឃើញជនបង្កបើករថយន្តចេញទៅបាត់ ក្រោយទៀត ជនរងគ្រោះក៏បានជិះម៉ូតូចេញទៅផងដែរ។ មួយសន្ទុះបន្តក្រោយមក ស្រាប់តែលឺដំណឹងថាមានឡានបាឡែន បុក ម៉ូតូថែមទាំងភាគីជនបង្កបានដេញចាក់ជនរងគ្រោះរត់ពេញផ្លូវបណ្តាលឲ្យរបួសធ្ងន់ ភ្លាមនោះពួកគាត់ក៏បាននាំគ្នាទៅមើល ក៏ស្រាប់តែឃើញអ្នកទាំងពីរនេះតែម្តង។

ប្រភពបន្តថា ជនបង្កបានបើករថយន្តម៉ាកបាឡែនពណ៌ស្ករ ពាក់ស្កាកលេខ2AC-5273 ចេញពីកន្លែងលេងបាល់ទះក្រោយពីមានរឿងជាមួយគ្នារួចមក ប៉ុន្តែនៅពេលដល់ចំណុចកើតហេតុខាងលើ ជនបង្កបានបើករថយន្តបុកជនរងគ្រោះចំពីមុខបណ្តាលឲ្យត្រូវរបួស ភ្លាមនោះជនបង្កបានចុះពីលើរថយន្តរួចទាញកាំបិតយកមកចាក់ទៅលើជនរងគ្រោះចំនួន២កាំបិតចំភ្លៅខាងស្តាំបណ្តាយឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់ រីឯ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងអូសយករថយន្តមកដាក់ក្នុងស្នងការដ្ឋាននគរបាលខេត្តភ្លាមៗផងដែរ។

ជនរងគ្រោះខាងលើត្រូវបានគេស្គាល់ថា មានឈ្មោះ ជា គឹមវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់បៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ចំណែកឯជនបង្កមានឈ្មោះ ឈ្មោះ ប្រាក់សំណាងភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិកាំមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

បច្ចុប្បន្ន ជនរងគ្រោះកំពុងតែសំរាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនព្រមទាំងនាំយកមកធ្វើការសាកសួរបន្ថែមនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត។

សូមបញ្ជាក់ថា តារាងបាល់ទះខាងលើគឺជាតារាងដែលមានយុវជន និងយុវវ័យជាច្រើនអ្នកនាំគ្នាមកលេងព្រមទាំងមានការភ្នាល់គេដាក់លុយរាប់សិបម៉ឺនរៀល ហើយភាគច្រើនគេឃើញច្រើនតែមានការឈ្លោះប្រកែកគ្នា ជាញឹកញាប់៕

 

មតិយោបល់