ព័ត៌មានជាតិ

Update៖ ប្រាប់ប្រពន្ធទៅទិញបបរឲ្យកូន ត្រលប់មកវិញ ស្រាប់ជួបគ្រោះអកុសល

ភ្នំពេញៈ នៅវេលាម៉ោង ០៨និង៣០ នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខ្លោងទ្វារចូលវត្ដពោធិញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដស្ទូចបើកឡើងចំណោត មិនរួចក៏រអិលថយក្រោយកិនម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ។

ជនរងគ្រោះឈ្មោះ គ្រួច ភារម្យ ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរ រត់តុ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានប្រពន្ធ និងកូនអាយុជាង ១ខួប ។ រីឯតៃកុងរថយន្ដឈ្មោះ ឆយ វណ្ណៈ ភេទប្រុសអាយុ៤៥ ឆ្នាំមុខរបរ បុកគ្រឹះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ (ឃាត់ខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្ដស្ទូចមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3D-9823 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវបេតុង បំណងឡើងទៅផ្លូវ៣៧១ ស្រាប់តែរថយន្ដឡើងចំណោតមិនរួច ក៏រអិលកិនម៉ូតូ ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FT-9631បើកបរដោយបុរស ម្នាក់ក្នុងទិសដៅស្របទិសគ្នា បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេច។

តាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីគាត់ បានជិះម៉ូតូទៅទិញបបរឲ្យកូន លុះពេលត្រលប់មកវិញ ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ដើម្បីសម្រួលចរាចរណ៍ និងទាក់ទងសមត្ថកិច្ចជំនាញ មកវាស់វែង យករថយន្ដ និងម៉ូតូ ទៅរក្សាទុកនៅប៉ុស្ដិ៍ ដើម្បីកសាងសំណង់រឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់