ព័ត៌មានជាតិ

ចោរឆក់កាបូបយួរពីរនាក់ ត្រូវនគរបាលឃាត់ខ្លួនបាន

ភ្នំពេញ: នគរបាលប៉ុស្តិ៍ជ័យជម្នះបង្រ្កាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ បាន២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបយួរ) កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ១៧៨ ភូមិទី៩សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ណេន ម៉ាណែត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារអូដឹមផ្លូវលំ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងទី២ឈ្មោះ ភ័ក្រ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យក៖
-ម៉ូតូមួយគ្រឿងម៉ាកC110ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-2762 លេខតួ+លេខម៉ាស៊ីន8011049 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
-កាបូបយួរពណ៌ក្រហម-ខ្មៅចំនួនមួយ (ជារបស់ជនរងគ្រោះ)។

ជនរងគ្រោះឈ្មោះសោម រ៉ែន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរច្នៃម៉ូតសំលៀកបំពាក់ មានទីលំនៅផ្ទះលេខ២៥ផ្លូវបេតុង សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០ម៉០០នាទី ជនរងគ្រោះ បានជិះម៉ូតូកង់បីតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ១៧៨ពីទិសខាងលិចទៅទិសខាងកើត ដោយកាន់កាបូបយួរ ដាក់លើភ្លៅពេលជិះមកដល់ចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យឈ្មោះ ភ័ក្រ សីហា និងឈ្មោះ ណេន ម៉ាណែត បានជិះម៉ូតូមកពីក្រោយ ហើយជនសង្ស័យឈ្មោះណេន ម៉ាណែត ដែលអង្គុយពីក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបយួរពីដៃជនរងគ្រោះ ដែលកាន់ដាក់លើភ្លៅ បានសម្រេចរួចជិះម៉ូតូគេចខ្លួន។

ភ្លាមៗនោះជនរងគ្រោះ បានស្រែកឆោឡោ ក៏ត្រូវបានកម្លាំងរបស់ប៉ុស្តិ៍នគរបាល រដ្ឋបាលជ័យជម្នះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលកំពុងល្បាតឃើញបានអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាងកាបូបយួររបស់ជនរងគ្រោះ និងម៉ូតូរបស់ជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះតែម្តង។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍ខណ្ឌ កំពុងប្រើវិធានការជំនាញ សួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕

មតិយោបល់