ព័ត៌មានជាតិ

រថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ បើកបុកជាមួយរថយន្តបែនដឹកដី ក្រឡាប់ផ្ងារជើង

ភ្នំពេញ: រថយន្តបែនមួយគ្រឿង ក្រឡាប់ផ្ងារជើង រងខូចខាត តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស បន្ទាប់ពីបើកបុកគ្នា ជាមួយរថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ ត្រង់ចំណុចផ្លូវកោង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្ត នីសាន់បែន ដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1466 បើកពីត្បូងទៅជើង ដល់ចំណុចផ្លូវកោង ត្រូវបានរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ស សណ្តោងស៊ីទែន ដឹកស៊ីម៉ង់ត៍ បើកពីជើងទៅត្បូងច្រាសទិស ល្បឿនលឿន រេចង្កូតសរសៀរចិញ្ចើមបំណែកផ្លូវម្ខាងទៀត មកបុកចំពាក់កណ្តាលរថយន្តបែន រុញក្រឡាប់ផ្ងារជើងរថយន្តបែនតែម្តង បណ្តាលឲ្យ រងខូចខាតខ្ទេចសងខាង តែសំណាងល្អគ្មានអ្នករងរបួស ។

ករណីខាងលើ ពុំបង្កឲ្យរបួសដល់មនុស្សឡើយ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅសម្រួលចរាចរណ៍ និងប្រគល់រថយន្តទាំង២ខាងលើទៅផ្នែកជំនាញ ខណ្ឌ និងការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ចុះទៅពិនិត្យដល់ចំណុចកើតហេតុ តែត្រូវបានភាគីរថយន្តបង្ក រថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ ធ្វើការសម្របសម្រួល និងស្នើសុំ យករថយន្តរងគ្រោះទៅជួសជុសឲ្យវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់