បាត់ដំបងៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសចំនួន៤នាក់ ប្រើប្រាស់ឧបករណ៍កែច្នៃគ្រឿងផ្ទុះ ដើម្បីបំផ្ទុះយកត្រី ដោយការប្រើខុសបច្ចេកទេស ទើបបង្កឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាល ស្ថិតក្បែរស្ទឹងបាសាក់ ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា អ្នកទាំង៤ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ពួកគេតែងទិញយកគ្រឿងផ្ទុះ ប្រភេទរំសេវផាវធំៗនៅតាមទីផ្សារ រួចយកមកកែច្នៃដើម្បី បោកបំផ្ទុះយកត្រីក្នុងទឹកស្ទឹង តែដោយការកែច្នៃខុសបច្ចេកទេស ខណៈនោះគ្រាប់បែកកែច្នៃក៏ផ្ទុះឡើងយ៉ាងកងរំពង ស្របពេលពួកគេបម្រុងនឹងបោកចូលក្នុងទឹក បណ្តាលឲ្យបុរសចំនួន២នាក់ ក្នុងចំណោម៤នាក់រងរបួសធ្ងន់ស្រាល រួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតែម្តង។
លោកវរសេនីយ៍ទោ ស៊ា ធី អធិការនគរបាលស្រុករុក្ខគី បានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងជំនាញអធិការនគរបាលស្រុក កំពុងស្វះស្វែងក្នុងការស្រាវជ្រាវយ៉ាងលម្អិត ទាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងខាងលើនេះ។
ជាវិធានការដើម្បីទប់ស្កាត់ សមត្ថកិច្ចបានផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិឃុំ ចំពោះការប្រើប្រាស់ និងកែច្នៃគ្រឿងផ្ទុះគ្រប់ប្រភេទ ទោះជាការប្រើប្រាស់ក្នុងគោលបំណងអ្វីក៏ដោយ នៅតែជាសកម្មភាពបទល្មើសខុសច្បាប់ដដែល ព្រោះវាបង្កនូវគ្រោះមហន្តរាយ និងសោកនាដកម្មដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កហានិភ័យដល់សហគមន៍ផងដែរ៕
មតិយោបល់