ភ្នំពេញៈ បុរសពីរនាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា ត្រូវរថយន្តលុចស៊ីសមួយគ្រឿង បើកដោយប្រុសស្រីពីរនាក់ បោះពួយយ៉ាងលឿន បុកចំពេញទំហឹងប៉ើង ប្រមាណជាង២០ម៉ែត្រ ខណៈរថយន្តបង្កបោកនិងបង្គោលភ្លើង រងការខូចខាតទៅមុខលែងរួច។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នំា២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខបន្ទាយកងរាជអាវុធហត្ថ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល។
សពជនរងគ្រោះទាំងពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR 4230 បើកដោយប្រុសស្រីពីរនាក់ ធ្វើដំណើរពីលិចទៅកើត ល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងចូលចំណីផ្លូវ ជ្រុលទៅបុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម មិនមានស្លាកលេខ ជិះដោយបុរសពីរនាក់ ក្នុងទិសបញ្ច្រាសគ្នាពីកើតទៅលិចពេញទំហឹង ប៉ើងប្រមាណ២០ម៉ែត្រ បណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗ ហើយរថយន្តបង្កមិនទាន់ល្បឿន បានបោកនិងបង្គោលភ្លើងវិលមួយជុំ រងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះ ម្ចាស់រថយន្តទាំងពីរ បានឡើងរថយន្តមួយគ្រឿងជិះទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូល បានចុះមកដល់ចំណុចកើតហេតុ ទាក់ទងជំនាញ វាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពរងគ្រោះ ក្រោយពីសមត្ថកិច្ចវាស់វែងរួច ប្រគល់ឲ្យរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញ្ញាតិ មកទទួលសពធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់