ព័ត៌មានជាតិ

ស្លាប់ទាំងមិនដឹងខ្លួន! បុរសម្នាក់ ជិះម៉ូតូដួល ត្រូវរថយន្តមកពីក្រោយកិនបែកក្បាល

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ជិះម៉ូតូដួល ក៏ត្រូវរថយន្តបើកពីក្រោយកិនចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ នៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ២៨-២៩ ក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ធឿន វ៉ាត អាយុ៣៦ឆ្នាំ មុខរបរកម្មករឡត៍ឥដ្ឋ មានស្រុកកំណើតនៅភូមិល្វាស ស្រុកល្វាឯម ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសម្នាក់ ជិះម៉ូតូម៉ាកហុងសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BS-5349 ធ្វើដំណើរពីលិចទៅកើតចេញពីផ្ទះ បំណងទៅទិញសម្ភារៈនៅផ្សារគគី។ មកដល់ចំណុចកើតហេតុ ក៏ដួលម៉ូតូស្របពេលនោះ ក៏មានរថយន្ត ១គ្រឿងមិនចាំម៉ាក មកតាមក្រោយ ក្នុងល្បឿនលឿន ជ្រុលទៅកិនចំក្បាលបុរសខាងលើ បណ្ដាលឲ្យស្លាប់មួយរំពេច រួចអ្នកបើកបររថយន្ត បានព្យាយាមបើករត់គេចខ្លួន បាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះវាស់វែង ធ្វើកំណត់ហេតុ និងយកវត្ថុតាង ទៅរក្សាទុក ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វបុណ្យតាមប្រពៃណី ហើយកំពុងស្រាវជ្រាវអ្នកបើករថយន្ត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់