សៀមរាបៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំឲ្យដឹងថានៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១១: ៤០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលដំណឹងពីម្ចាស់ផ្សារទំនេីបអង្គរ ហើយបានចុះទៅចំនុចផ្សារទំនើបអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាំខ្លួនជនបរទេសចំនួន ០២នាក់ មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីអំពើលួច(ឥវ៉ាន់ក្នុងផ្សារ)។
ជនបរទេសទាំង០២នាក់នេះឈ្មោះ ៖
១-ឈ្មោះ ALEKSANDR ORBACHEBSKII ភេទ ប្រុស កើតថ្ងៃទី ១៥-០៧-១៩៨៥ ជនជាតិ រុស្សុី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ គ្មាន ស្នាក់នៅ ហូស្តែល DORM POINT ស្ថិតនៅភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
២-ឈ្មោះ ALEXANDER FOKIN ភេទ ប្រុស កើតថ្ងៃទី ១២-០៩-១៩៨៧ ជនជាតិ រុស្សុី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ អ្នកបង្កើតគេហទំព័រតាមអុិនធើណិត ស្នាក់នៅហូស្តែល DORM POINT ភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការសាកសួរជនបរទេសទាំងពីរនាក់នេះបានសារភាពថា ពួកគេពិតជាធ្វើសកម្មភាពលួចឥវ៉ាន់ផ្សេងៗពីក្នុងផ្សារទំនើបនេះប្រាកដមែន ហើយលើកទី៣នេះ ក៏ត្រូវបានសន្តិសុខផ្សារឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់