ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ទៀតហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចគោក្របីឆ្លងខេត្ត

សៀមរាប: កាលពីថ្ងៃទី០៤ ខែកញា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ រួមនឹងរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A-៨២៨៤ ដោយធ្វើទ្បើង បន្ទាប់ពីមានការឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធករណីលួចគោ កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ។

ជនសង្ស័យទី១. ឈ្មោះ ប្រាក់ សៀប ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរកសិករ ២. ឈ្មោះ សីម ប៉ិច ហៅប៉ុក ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ ទាំងពីរនាក់ មានស្រុកកំណើតភូមិគក់ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

ជនសង្ស័យទាំង០២នាក់ បានធ្វើសកម្មភាពលួចក្របី នៅស្រុកពួកចំនួន០២លើក និងលួចគោចំនួន០១លើក ដែលមានបក្ខពួកសរុបចំនួន៤នាក់ ឡើងរថយន្តឱ្យឈ្មោះ ណាត យកទៅលក់នៅខេត្តបាត់ដំបង។

ទី៣. ឈ្មោះ គឿម កន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រាំពែ ឃុំត្រាំពែ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានលួចកក្របីនៅស្រុកបន្ទាយស្រី និងទី៤. ឈ្មោះ ម៉ាត់ វណ្ណាត ហៅណាត អាយុ ៣៦ ឆ្នាំជនជាតិ ខ្មែរឥស្លាម មុខរបរជាងធ្មេញ មានស្រុកកំណើតភូមិចុងខ្លុង ឃុំអូសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមចម្លើយសារភាពឈ្មោះ ម៉ាត់ វណ្ណាត បានបញ្ជាក់ថា គេធ្លាប់ធ្វើសកម្មភាព ជាមួយនឹងបក្ខពួកចំនួន០៧នាក់ផ្សេងទៀត មកពីខេត្តពោធិ៍សាត់ ហើយបានលួចក្របីនៅស្រុកពួកចំនួន០៣លើក សរុបចំនួន១២ក្បាល ក្នុងខេត្តសៀមរាប ចំនួន០៩លើក ក្នុងនោះមានលួចគោមួយលើក និងក្របីចំនួន០៨លើក ។

ក្នុងពេលដែលលួចទាំង០៩លើកនេះ រូបគេបានយកទៅលក់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយដឹកតាមរថយន្តខាងលើរបស់ខ្លួនផ្ទាល់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់