ព័ត៌មានជាតិ

កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ! ខំជឿខំទុកចិត្ត នឹងស្មានថាជួបស្នេហ៍ស្មោះ តែចុងក្រោយបែរជាបងប្រើល្បិចបោកអូន ក្លាយជាជនរងគ្រោះ

កំពង់ចាមៈ ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកចំការលើ ជាប់ពាក់ព័ន្ធនឹងករណីឆបោក ក្រោយទទួលបណ្ដឹងពីម្ចាស់តូបលក់ទូរស័ព្ទមួយកន្លែង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

សម​ត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៤ និង០០នាទីរសៀលថ្ងៃកើតហេតុ ឈ្មោះ លាង តុងហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលថា មានករណីឆបោកយកទូរស័ព្ទ នៅតូបរបស់ខ្លួន។

ក្រោយទទួលបានបណ្តឹង សមត្ថកិច្ច បានចុះស្រាវជ្រាវនៅទីតាំងកើតហេតុ រហូតដល់ធ្វើការនាំខ្លួនមុខសញ្ញាម្នាក់ឈ្មោះ វុទ្ធី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចំការលើ។

នៅចំពោះមុខសមត្ថកិច្ច មុខសញ្ញាខាងលើ បាននិយាយថា ខ្លួនបានស្គាល់បុរសម្នាក់រយៈពេល ០៣ថ្ងៃ តែពុំស្គាល់ឈ្មោះ និងអាសយដ្ឋានទេ មានអាយុប្រហែល៥០ឆ្នាំ សម្បុរខ្មៅ ដោយបានទំនាក់ទំនងស្នេហ៍គ្នា តាមទូរស័ព្ទ ហើយបុរសម្នាក់នោះ បាននិយាយថា នឹងទិញទូរស័ព្ទថ្មី និងក្រវិលឲ្យខ្លួន។

ប្រភពដដែលបន្តថា នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ បុរសខាងលើ បានណាត់ជួបនៅមុខវិទ្យាល័យឫស្សីកែវក្រុងភ្នំពេញ ហើយជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនស្គាល់ស៊េរី មកដល់ផ្សារបុសខ្នុរ ស្រុកចំការលើ ក៏ចូលទិញទូរស័ព្ទម៉ាកអូប៉ូ ក្នុងតម្លៃ១៦៩ដុល្លារ។

ពេលទិញទូរស័ព្ទបាន បុរសខាងលើ បានប្រាប់ខ្លួនថា យកទូរស័ព្ទនេះឲ្យកូនមើល ព្រោះកូនចង់បានម៉ាកហ្នឹងដែរ ដោយឲ្យខ្លួនអង្គុយចាំនៅកន្លែងលក់ទូរស័ព្ទ បានមួយសន្ទុះមានការសង្ស័យ ក៏បានទូរស័ព្ទទៅបុរសខាងលើ តែមិនចូល គាត់បានឲ្យអ្នកលក់ទូរស័ព្ទ យកឡាមវះមើលកាបូបរបស់បុរសនោះដែល ទុកនៅទីតាំងកើតហេតុ ស្រាប់តែឃើញសុទ្ធតែក្រដាស ទើបដឹងថាចាញ់បោកគេ។

បច្ចុប្បន្នមុខសញ្ញាជនសង្ស័យ ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកចំការលើ ដើម្បីបន្តការស្រាវជ្រាវ៕

មតិយោបល់