ព័ត៌មានជាតិ

មានមួកហើយមិនពាក់! បុរសម្នាក់ជិះម៉ូតូលឿនបុក គូទរ៉ឺម៉កដឹកបន្លែបោកក្បាលស្លាប់មួយរំពេច នៅខណ្ឌមានជ័យ

ភ្នំពេញ: កាលវេលាម៉ោង ០២និង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ នៅចំណុចមុខ ផ្ទះប្ដូរប្រាក់មួយកន្លែង ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ជិះម៉ូតូលឿន ជ្រុលចង្កូតទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយពេញទំហឹង ដួលបោកក្បាលស្លាប់យ៉ាងរន្ធត់។

ជនរងគ្រោះមានឈ្មោះ តន សុភារ៉ាប៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-1921 តែម្នាក់ឯង មានមួកសុវត្ថិភាពហើយតែមិនពាក់ទេ ដោយដោះដាក់នៅជាប់ម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូង ចុះពីលើស្ពានអាកាសក្បាលថ្នល់ ក្នុងល្បឿនលឿនជ្រុលទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿង ពីក្រោយពេញទំហឹង បណ្ដាលខ្ទាតបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ ចំណែករ៉ឺម៉កដឹកបន្លែឃើញសភាពមិនស្រួល ក៏បន្តទៅមុខគេចបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចាក់អង្រែលើ ចុះដល់តាំងទាក់ទងជំនាញផ្នែកវាស់វែងខណ្ឌមានជ័យ ចុះមកធ្វើកំណត់ហេតុ យកសពទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់