កណ្តាលៈ ករណីហិង្សាដោយចេនា ខណៈជនរងគ្រោះបានទាញខោអាវរបស់ជនល្មើសចេញ ដើម្បីយករ៉ូលឡូភ្លើងដោតកង្ហា ស្រាប់តែជនល្មើសបានមកឃើញក៏បានជេរម្រាយជនរងគ្រោះ ក៏បង្កជាជម្លោះវាយកាប់ប្រហារគ្នាដូចរឿងហុងកុង បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៤០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចយានដ្ឋាន ជាម ម៉េងឈាង១ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ព្រួញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិមុខរបរជាងជួសជុលរថយន្ត ខ្មែរទីលំនៅកំណើត ភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងយានដ្ឋានកើតហេតុខាងលើ។ ចំណែក ជនល្មើសឈ្មោះ ឆន មាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំណើតភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង។ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងយានដ្ឋានជាមម៉េងឈាង១ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយកើតហេតុ វត្ថុតាងដកហូតបានរួមមាន៖ ដែកត្បែងចុងសំប៉ែកចំនួន០១ប្រវែង៥០សង់ទីម៉ែត្រ(របស់ជនរងគ្រោះ) និងដែកឆាបចុងស្រួចចំនួន០១ប្រវែង១៨សង់ទីម៉ែត្រ(របស់ជនល្មើស)។
គួរបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានទាញខោអាវរបស់ជនល្មើសចេញ (ដេកបន្ទប់ជាមួយគ្នា) ដើម្បីយករ៉ូលឡូភ្លើងដោតកង្ហា ពេលនោះជនល្មើសបានមកឃើញក៏បានជេរម្រាយជនរងគ្រោះ ហើយបានទាក់ពាក្យសម្តីគ្នារហូតដល់មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ដោយជនល្មើសប្រើដែកឆាប រីឯជនរងគ្រោះប្រើដែកត្បែងវាយទៅវាយមក បណ្តាលឲ្យជនរងគ្រោះរងរបួសបួនកន្លែង (ថ្ពាល់ខាងស្តាំ ដើមដៃខាងស្តាំ ស្មាខាងឆ្វេង និងម្រាមដៃខាងឆ្វេង) រីឯជនល្មើសរងរបួសដៃ និងលើផ្ទៃពោះ)។ ខណៈនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើសមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយតប់គ្នាទៅវិញទៅមកជាមួយជនរងគ្រោះពិតប្រាកដមែន។ ចំពោះគ្រឿងញៀនវិញ ឈប់ប្រើប្រាស់មួយរយៈមកហើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួន រួមនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់