ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

អ្នកវិនិយោគម៉ាឡេស៊ី នឹងនាំចេញអង្ករកម្ពុជា និងគ្រោងបង្កើតរោងចក្រកែច្នៃអង្ករនៅកម្ពុជា

ភ្នំពេញៈ អ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនដៃគូរ មានគម្រោងនាំចេញអង្ករកម្ពុជាទៅលក់នៅប្រទេសម៉ាឡេស៊ី ព្រមទាំងមានគម្រោងបង្កើនរោងចក្រកែច្នៃអង្ករនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។

នាយកក្រុមហ៊ុន NINAMAJU SDN.BHD នៃប្រទេសម៉ាឡេស៊ី លោក Tan Swee Huat បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសដែលលោកត្រូវបានដឹកនាំគណៈប្រតិភូមកពីប្រទេសម៉ាឡេស៊ី រួមជាមួយតំណាងក្រុមហ៊ុន ហ្វ៊ឺស បាយអូ-ថេក អេហ្គ្រីខលឈើរ័ល (ខេមបូឌា) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានអនុញ្ញតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងវិនិយោគអង្ករនៅក្នុងប្រទេសកម្ពុជា ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

មានប្រសាសន៍ឆ្លើយតបនឹងគម្រោងផែនការរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ីនេះ លោករដ្ឋមន្ត្រី វេង សាខុនបានសម្តែងនូវកិច្ចស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុនឲ្យធ្វើការវិនិយោគទុនលើការនាំចេញអង្ករ ក៏ដូចជាការបង្កើតរោងចក្រកែច្នៃអង្ករនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងទីផ្សារបរទេសផ្សេងៗទៀត ដែលស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេស គោនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៥កន្លងទៅ កម្ពុជានាំចេញអង្ករ ប្រមាណ ៥៤ម៉ឺនតោន គឺកើនឡើងជិត ៤០ភាគរយ បើធៀបនឹងអំឡុងពេល ដូចគ្នា កាលពីឆ្នាំ២០១៤ ។ ប៉ុន្តែនៅឆមាសទី១ ឆ្នាំ២០១៦នេះ ការនាំចេញអង្ករ របស់កម្ពុជា សម្រេចបានប្រមាណជាង ២៦ម៉ឺនតោន គឺបានធ្លាក់ចុះ ជាង៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ៕

មតិយោបល់