ភ្នំពេញៈ សួនច្បារចេនឡា ក្បែរផ្សារដើមគរស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលត្រូវបានគេទុកចោលជាយូរមកហើយនោះ មកដល់ពេលនេះ បានស្ថាបនាឡើងវិញហើយ ដើម្បីបង្កើនសោភ័ណភាពថ្មី មួយទៀតសម្រាប់រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែលំអសួនច្បារចេនឡា ក្នុងខណ្ឌទួលគោក ដើម្បីបង្កើនសោភ័ណភាពថ្មីរាជធានីភ្នំពេញមួយកម្រិតថែមទៀត។
តាមអ្វីដែលជាពង្រាងក្នុងការកែលម្អសោភណភាពសួននេះ គឺនឹងត្រូវរៀបចំឡើងជាកន្លែងលម្ហែកម្សាន្ត ដែលមានទីធ្លា ផ្លូវថ្មើរជើង សួនផ្កា ស្មៅ ដើមឈើ បង់អង្គុយសាធារណៈ ភ្លើងបំភ្លឺសួនជាដើម។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងវេទិកាសាធារណៈមួយនៅក្នុងមជ្ឈមណ្ឌលចេនឡាប្រជាពលរដ្ឋក៏បានស្នើឲ្យមានការជួលជុលឡើងវិញផងដែរ ចំពោះសួនច្បារចេនឡានេះផងដែរ ហើយក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ក៏បានស្នើឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការជួសជុលឡើងវិញឲ្យឆាប់ៗផងដែរ៕
មតិយោបល់