បន្ទាយមានជ័យៈ នៅវេលាម៉ោង ១០និង០៩នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី លួច (ម៉ូតូនិងទូរស័ព្ទ) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គ្រី ណាលីន ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប 1H-5389 ជូនមិត្តភ័ក្រទៅសម្រាកនៅបន្ទប់ជួល លុះព្រឹកឡើងក៏បាត់ទាំងមិត្តភ័ក្រ និងម៉ូតូ ព្រមទាំងទូរស័ព្ទដៃម៉ាក Iphone 6plus និងលុយចំនួន ១០០.០០០រៀល(ដប់ម៉ឺនរៀល)ថែមទៀត ហើយទាក់ទងដើម្បីសួរនាំមិនបានសោះ ។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះធ្វើការស៊ើបអង្កេត តាមរកមុខសញ្ញាជនសង្ស័យយកមកសាកសួរ និងឃាត់ខ្លួនបានចំនួនម្នាក់ឈ្មោះ ពៅ គា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយកទូរស័ព្ទរបស់ជនរងគ្រោះទៅបញ្ចាំ យកប្រាក់មកស៊ីចាយ ចំណែកម៉ូតូ ខ្លួនបានយកជិះដើរលេងជាមួយមិត្តភ័ក្ត ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញប្រគល់ជូនទៅម្ចាស់ដើមវិញហើយ៕
មតិយោបល់