ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង២៥នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៣៦៩ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បានបើកលឿន ក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដាច់កង់មុខខាងស្ដាំ មួយចំហៀង និងក្រឡាប់ផ្ងារជើងម្ខាង ធ្វើឲ្យរបួសធ្ងន់ស្រាលមនុស្ស២នាក់ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តបង្កម៉ាក តាកូម៉ា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-7313 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីត្បូងទៅជើង លឿនដូចហោះ មកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដាច់កង់មុខខាងស្ដាំមួយចំហៀង រួចអូសជិត ២៥ម៉ែត្រ ក៏ផ្ទុះពោងទាំង២ ក្រឡាប់ផ្ងារជើងម្ខាងតែម្ដង ធ្វើឲ្យរងរបួសធ្ងន់ស្រាលមនុស្ស ២នាក់ ត្រូវបានសាច់ញាតិ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំង ធ្វើការវាស់វែង ព្រមទាំងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់