ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ! ប្រាប់ថាខ្លួនជាសមត្ថកិច្ច ជិះសុទ្ធតែរថយន្ត បែរជាមកលួចទូរស័ព្ទទៅវិញ

កំពង់ស្ពឺៈ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤៥នាទី ជនសង្ស័យចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចផ្លូវជាតិលេខ៤ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ហូយ តាក់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡាន មានទីលំនៅភូមិតាងូវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំណែកជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ប៉ុល បូរិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (មេក្លោង) ។
២/ឈ្មោះ វ៉ុន គារ៉ាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣/ឈ្មោះ ឈាង ម៉េងហុក ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន រស់នៅភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្ភារៈបាត់បង់៖ ទូរស័ព្ទម៉ាកវីវ៉ូ ១គ្រឿង ។

សម្ភារៈដកហូតបាន៖
-ទូរស័ព្ទម៉ាក វីវ៉ូ របស់ជនរងគ្រោះ។
-ទូរស័ព្ទម៉ាក ហូវៃ ១គ្រឿង។
-ម៉ាកណូគា ចុចពិល ១គ្រឿង។
-រថយន្តម៉ាកហុងដា(មីនី) ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-8305 ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានបែកកង់រថយន្ត ហើយក្នុងរថយន្តគ្មានសោ គ្មានដែកដូយ ស្រាប់តែពេលនោះឃើញ រថយន្តម៉ាកហុងដា (មីនី) បើកមកដល់
ជនរងគ្រោះបក់ដៃហៅក្នុងបំណងខ្ចីកូនសោ និងដែកដូយ។ ខណៈរថយន្តជនសង្ស័យឈប់ ខ្លួនបានសុំខ្ចីដែក
ដូយដោះកង់បណ្ដើរ និយាយគ្នាលេងបណ្តើរ ទើបខ្លួនសួរថា អញ្ជើញទៅណាដែរ ជនសង្ស័យឆ្លើយថា បើកឡានដើរល្បាត។ ពេលដោះកង់រួចយកកង់ស៊ីគួរ មកដាក់ កង់នោះខូចទៀត ទើបពឹងឲ្យជនសង្ស័យ ជួយដឹកកង់ទៅសប់នៅក្បែរនោះ ពេលសប់កង់ ជនរងគ្រោះ បានឲ្យទូរស័ព្ទរបស់ខ្លួនទៅជនសង្ស័យ ចុចពិលបំភ្លឺដើម្បីសប់ ជនសង្ស័យឆ្លៀតឱកាសនោះ រត់ឡើងរថយន្តគេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក់បណ្ដឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រួចសមត្ថកិច្ច ក៏បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ទៅកាន់ស្នងការដា្ឋននគរបាល ដើម្បីចាត់ការតាមនីតីវិធី៕

មតិយោបល់